កូរ៉េខាងជើងបានចោទប្រកាន់អាមេរិកនិងសម្ព័ន្ធមិត្តថាបានព្យាយាមបង្កើតសម្ព័ន្ធយោធានៅតំបន់អាស៊ី ដូចទៅនឹងអង្គការណាតូ នៅក្នុងតំបន់អឺរ៉ុប ដឹកនាំដោយអាមេរិក។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ក្រសួងការបរទេសរបស់កូរ៉េខាងជើងបានប្រកាសថា ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងមានបំណងបង្កើតបក្សសម្ព័ន្ធយោធាដូចគ្នានឹងអង្គការណាតូ (NATO) នៅក្នុងទ្វីបអាស៉ី ហើយទីក្រុងព្យុងយ៉ាងបានអះអាងទៀតថា ដោយសារតែគោលដៅឥតប្រែប្រួលរបស់អាមេរិកក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើង ទើបបង្ខំឱ្យខ្លួនត្រូវ បង្កើនសមត្ថភាពការពារជាតិកាន់តែខ្លាំង។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ គឺមានខ្លឹមសារយ៉ាងដូច្នេះថា «តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នាដោយឥតលាក់លៀមជាមួយជប៉ុន និងកូរ៉េខាងត្បូង គឺសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើសកម្មភាពយ៉ាងពេញទំហឹង ដើម្បីបង្កើតអង្គការណាតូតាមបែបអាស៉ី»។ ទីក្រុងព្យុងយ៉ាង ចង់សំដៅទៅលើសមយុទ្ធយោធានាពេលថ្មីៗនេះដែលធ្វើឡើងដោយសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន ខណៈដែលកូរ៉េខាងជើងហៅសមយុទ្ធបែបនេះថា ជាការត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាម ហើយមានគោលបំណងផ្តួលរំលំប្រទេសរបស់ខ្លួន។
សហរដ្ឋអាមេរិកបានទទូចឱ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានស្នើឱ្យមានជំនួបជាមួយមន្រ្តីកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីបញ្ហានេះ ប៉ុន្តែកូរ៉េខាងជើងបានបដិសេធ។ ការចោទប្រកាន់ខាងលើធ្វើឡើងចំពេលដែលមានការព្រួយបារម្ភជាអន្តរជាតិលើការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈដែលមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាលើការដាក់ពង្រាយអាវុធជាចាំបាច់ ដើម្បីរារាំងសកម្មភាពរបស់កូរ៉េខាងជើង៕ ដោយធីរីណា
រូបថត : KCNA