ភ្នំពេញ : ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តាជ្រាបថា អនុលោមតាមសេចក្តីជូនដំណឹង លេខ ២៩០៨ ព.ណ.ចបព ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការពន្យារពេលការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅ · ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះ។ ដោយយោងតាមការសំណូមពររបស់អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុន ជាច្រើន និងរួមផ្សំជាមួយនឹងការផ្ទុះឡើងវិញនូវជំងឺកូរីដបម្លែងថ្មី (អូមីក្រុង) កំពុងរាលដាលខ្លាំងក្នុងសហគមន៍ ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្ដល់ ពេលវេលាគ្រប់គ្រាន់ដល់ រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ។
ក្រសួងពាណិជ្ជកម្មសូមបញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមាន ការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុន បរទេសទាំងអស់ ជ្រាបជា ពត៌មាន និងបន្តដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ តាមនីតិវិធីជាប្រក្រតី ៕
ដោយ : សិលា