ក្តៅដូចដុតធ្យូង មិនមែនភ្លើងចំបើង ! បន្ទាប់ពីលោកអភិបាលខេត្ត អ៊ុន ចាន់ដា ដាក់បទបញ្ជាមក គណៈកម្មការខេត្តចុះបង្រ្កាបសាឡង់បូមខ្សាច់ខុសច្បាប់មួយភ្លាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង ៧ៈ០០នាទីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ កម្លាំងជំនាញចម្រុះខេត្តកំពង់ចាម ប្រចាំការនៅវត្តកោះប៉ែន ដឹកនាំដោយលោក នួន សុីលាភ នាយករងរដ្ឋបាលសាលាខេត្ត បានចុះល្បាតនិងបង្រ្កាបសកម្មភាពបូមខ្សាច់ដែលមានអាជ្ញាប័ណ្ណ ប៉ុន្តែបានបូមខ្សាច់ក្រៅដែនអាជ្ញាប័ណ្ណរបស់ខ្លួនស្នើសុំ នៅចំណុចភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន។ ម្ចាស់អាជ្ញាប័ណ្ណអាជីវកម្មខាងលើមានឈ្មោះ ហ៊ាង វិបុល ។

ចំពោះករណីនេះដែរ ក្រុមការងារដឹកនាំដោយលោក នួន សុីលាភ បានរឹបអូសយកទូកបូមខ្សាច់មករក្សាទុកនៅប៉ុស្តិ៍ប្រចាំការមាត់ទន្លេ និងសុំគោលការណ៍លោកអភិបាលនៃគណៈអភិបាលខេត្ត ចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា ចំណូលចូលរដ្ឋមានចំនួនតិចជាងចំណូលចូលហោប៉ៅឈ្មួញ។ លោកអភិបាលខេត្តកំពង់ចាម នឹងធ្វើការបង្រ្កាបជាដាច់ខាតចំពោះក្រុមហ៊ុនបូមខ្សាច់ណាដែលធ្វើសកម្មភាពផ្ទុយពីអាជ្ញាប័ណ្ណ។ ដូច្នេះហើយទើបនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ក្រាបរាល់អាជីវកម្មបូមខ្សាច់ដែលអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញ អាជ្ញាធរស្រុក និងមេឃុំចំនួន៣៥ឃុំ ដែលមានភូមិសាស្រ្តជាប់ដងទន្លេមេគង្គ ។

លោកអភិបាលខេត្តបានឱ្យដឹងថា កន្លងមកធ្លាប់មានព័ត៌មានទាក់ទងទៅនឹងការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ក្នុងស្រុកមួយចំនួនដែលក្រសួងរ៉ែនិងថាមពលបានអនុញ្ញាតច្បាប់ឱ្យពួកគាត់ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបានបូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អតម្រូវទៅតាមទីផ្សារ និងបានបង្កឱ្យមានការបាត់បង់នូវសួយសាអាករជាច្រើន ធ្វើឱ្យរដ្ឋាភិបាលមានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ ។

ទាក់ទងទៅនឹងហេតុផលខាងលើ លោកអភិបាលខេត្តបានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយនិងកម្លាំងសមត្ថកិច្ចដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបូមខ្សាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយតម្រូវឱ្យម្ចាស់អាជីវកម្មចូលបូមខ្សាច់ទៅតាមទីតាំងដែលក្រសួងរ៉ែនិងថាមពលបានកំណត់ក្នុងច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ហើយនឹងឈានទៅលុបបំបាត់ឱ្យអស់នូវភាពអនាធិបតេយ្យ ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម លោក លី ចាន់ធី បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាមមានក្រុមហ៊ុន សហគ្រាសចំនួន២២អាជ្ញាប័ណ្ណ។
លោក លី ចាន់ធី ឱ្យដឹងទៀតថា កន្លងទៅបញ្ហាប្រឈមគឺម្ចាស់ក្រុមហ៊ុន សហគ្រាសបានបោះពោងសម្គាល់ដែនអាជ្ញាប័ណ្ណរួចរាល់មុននឹងធ្វើអាជីវកម្ម ប៉ុន្តែមិនអាចថែរក្សាឱ្យនៅគង់វង្សបាន ដោយសារអ្នកនេសាទកាត់ចោលជាញឹកញាប់។ ម្យ៉ាងទៀត មន្ត្រីជំនាញខ្វះមធ្យោបាយសម្រាប់ចុះបង្ក្រាបនៅពេលកើតមានបទល្មើស៕

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print