ភ្នំពេញ ៖ កីឡាករ វ៉ាន វុន គឺជាអ្នកជិះ រទេះជើងឯកជម្រើសជាតិកីឡាប៉ារ៉ាឡាំពិកម្នាក់ធ្លាប់ដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិជាច្រើនគ្រឿងពីការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម នៅក្នុងតំបន់អាស៊ាននាពេលកន្លងទៅ។ កីឡាកររូបនេះមានស្រុកកំណើតនៅឯ ស្រុកស្អាង ខេត្តកណ្តាល ជាកូនទី១ក្នុង គ្រួសារ និងមានបងប្អូនប្រុសស្រីសរុបចំនួន ៥នាក់ ។ វ៉ាន វុន បានពិការជើងទាំង២តាំង ពីរូបគេមានអាយុ២ឆ្នាំមកម្លេ៉ះដោយសារតែការចាក់ថ្នាំ ។
ពិការភាពរបស់កុមារាវ៉ាន វុន បានធ្វើឲ្យរូបគេមិនអាចបន្តការសិក្សាយកចំណេះដឹងទូទៅបានជ្រៅជ្រះដូចជាក្មេងដទៃទៀតដែលមានកាយសម្បទាល្អមិនពិការនោះទេ។ កាលណោះសម្ភារដែលជាមធ្យោបាយធ្វើដំណើរសម្រាប់ជនពិការនៅមិនទាន់គ្រប់គ្រាន់និងទំនើបនៅឡើយ ម្យ៉ាងទៀតកត្តាជីវភាពក៏មិនសូវល្អដែរ ទើបជំរុញឲ្យកុមារា វ៉ាន វុន ដែលស្វិតត្រឹមចង្កេះចុះក្រោមនោះបង្ខំចិត្តឈប់សិក្សាងាកទៅចាប់អាជីព ជំនាញផ្នែកជួសជុលគ្រឿងអេឡិចត្រូនិក វិញម្តង។
វ៉ាន វុន គឺជាជនពិការម្នាក់បានតស៊ូតាំងពីកុមារភាព ដោយមិនបានបណ្តែតបណ្តោយឲ្យខ្លួនធ្លាក់ទៅក្នុងសភាពពិការរបស់គេ មិនអាចធ្វីអ្វីកើតនោះទេ ពោលគឺ វ៉ាន វុន បានស្វះស្វែងរកអាជីព និងជំនាញមួយ សម្រាប់អនាគតរបស់ខ្លួនដោយបានចូលរៀនជួសជុលម៉ាញ៉េទូរទស្សន៍នៅក្នុងអង្គការមួយក្នុងឆ្នាំ២០០៦ ។
ក្រៅពីចាប់ផ្តើមជាមួយជំនាញវិជ្ជាជីវៈខាងលើរួចហើយ វ៉ាន វុន ក៏មានឱកាសបាន ហក់ចូលក្នុងវិស័យកីឡាតាមរយៈអង្គការដែលខ្លួនស្នាក់នៅរៀនជួសជុលគ្រឿងអេឡិចត្រូនិកខាងលើ ដោយគេបានចាប់យកនូវប្រភេទវិញ្ញាសាកីឡាប្រណាំងរទេះ ប៉ុន្តែកម្រិតនៃការប្រកួតនោះគឺត្រឹមតែការប្រកួតជនពិការថ្នាក់ខេត្តប៉ុណ្ណោះ។
ដោយសារតែភាពក្លាហានព្យាយាម អំណត់តស៊ូរបស់កីឡាករវ៉ាន វុន ក្នុង អាជីព កីឡាប្រណាំងរទេះបានធ្វើឲ្យលេចឮដល់ លោក យី វាសនា អគ្គលេខាធិការនៃគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានបានជ្រើសរើស វ៉ាន វុន ឲ្យចូលរួមហ្វឹកហាត់ជាកីឡាករប្រណាំងរទេះជម្រើសជាតិក្នុងឆ្នាំ២០១១ ដើម្បីត្រៀមទៅចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិក អាស៊ានលើកទី៦ នៅប្រទេសឥណ្ឌូនេស៊ី ដោយគេមានលទ្ធភាពដណ្តើមបានមេដាយប្រាក់ចំនួន២គ្រឿងលើវិញ្ញាសាប្រណាំង រទេះចម្ងាយ១០០ម៉ែត្រនិងវិញ្ញាសាចម្ងាយ២០០ម៉ែត្រ ។
កីឡាករ វ៉ាន វុន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានមេដាយលើឆាកអន្តរ ជាតិហើយ បានជំរុញឲ្យរូបគាត់កាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតរហូត ដល់ការប្រកួតកីឡាប៉ារ៉ាឡាំពិកអាស៊ានលើកទី៧នៅប្រទេសមីយ៉ាន់ម៉ា វ៉ាន វុន ដណ្តើមបាន មេដាយ៥គ្រឿង ក្នុងនោះមានមេដាយមាស៣គ្រឿងលើវិញ្ញាសាឯកត្តជននិងមេដាយប្រាក់២គ្រឿងលើវិញ្ញាសាប្រកួតជាក្រុម ។ ចំណែកឯការប្រកួតកីឡាប៉ារ៉ាឡាំពិកអាស៊ានលើកទី៨នៅប្រទេសសិង្ហបុរីរូបគេដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿងផងដែរ។
កីឡាររូបនេះបន្តទៀតថា ទន្ទឹមនឹងជ័យជម្នះដែលខ្លួនដណ្តើមបានមេដាយជាច្រើននាពេលកន្លងមក វ៉ាន វុន ត្រូវបានគណៈ កម្មការប្រកួតប៉ារ៉ាឡាំពិកអាស៊ានវាយ តម្លៃដំឡើងប្រភេទពិការរបស់ខ្លួនពីកម្រិតពិការT53 ទៅប្រភេទT54វិញ ដែលជា ចំណែកមួយធ្វើឲ្យ “ខ្ញុំលំបាកក្នុងការដណ្តើមយកមេដាយ ពីព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗ” ទោះបីជាត្រូវដំឡើងទៅ T54វិញក៏ដោយក៏ វ៉ាន វុន នៅតែបន្តការហ្វឹកហាត់ជាប្រចាំរាល់ថៃ្ង ប៉ុន្តែមិនទទួល បានការឧបត្ថម្ភពីមជ្ឈដ្ឋានខាងណាឡើយរាប់ទាំងក្រសួងផងដែរ ។
ជាមួយគ្នានោះដែរ កីឡាករវ៉ាន វុន បាន អំពាវនាវឲ្យបណ្តាសប្បុរសជនងាកមកជួយឧបត្ថម្ភដល់កីឡាករពិការផងដែលកំពុងហ្វឹកហាត់ត្រូវការថវិកាជាចាំបាច់ហើយ បច្ចុប្បន្នត្រូវស្វែងរកថវិកាដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់ការហ្វឹកហាត់នេះ ៕
ដោយ៖ សារីម