នៅវេលាថ្ងៃត្រង់ថ្ងៃទី ៣០ខែមិថុនា លោក Ferdinand ‘Bongbong’ Marcos Jr បានស្បថចូលកាន់តំណែងប្រធានាធិបតី ទី១៧របស់ហ្វីលីពីន ជំនួសលោកឌុយទែរតេ ។
សារព័ត៌មាន Channel News Asia បានផ្សាយថា លោក Ferdinand ‘Bongbong’ Marcos Jr បានស្បថចូលកាន់តំណែងប្រធានាធិបតីទី១៧របស់ហ្វីលីពីន។ ពិធីចូលកាន់តំណែងត្រូវបានធ្វើឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣០ខែមិថុនា (ពេលវេលាក្នុងតំបន់) ស្ថិតនៅសារមន្ទីរជាតិ នៅក្នុងទីក្រុងម៉ានីល។
ប្រធានាធិបតី Ferdinand ‘Bongbong’ Marcos Jr បានប្រកាសនៅក្នុងពិធីស្បថចូលកាន់តំណែងថា «នេះជាពេលវេលា ប្រវត្តិសាស្ត្ររបស់យើង។ អស់លោកអ្នកបានលុបបំបាត់ការបែកបាក់នយោបាយដោយសន្លឹកឆ្នោតរបស់ខ្លួន»។
លោកជាកូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ។ តាមសារព័ត៌មាន Channel news Asia ការទទួលបានជ័យជម្នះរបស់ លោក “Bongbong” Marcos Jr បានជួយដល់គ្រួសាររបស់លោក Marcos ចូលប្រឡូកនៅក្នុងឆាកនយោបាយហ្វីលីពីនឡើងវិញ ក្រោយរយៈពេលជិត៤០ឆ្នាំ ៕ ដោយធីរីណា
រូបថត : AFP