ភ្នំពេញ៖ ដោយទឹកចិត្តស្រឡាញ់ អាណិត ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច កម្លាំងមនុស្សធម៌ ធ្វើយ៉ាងណាផ្គត់ផ្គង់ទឹកផ្ដល់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាសម្រាប់ទីតាំង មូលដ្ឋានណាដែលខ្វះទឹក។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងថា ៖ ខ្ញុំសូមលើកទឹកចិត្ត និងជំរុញការចែកចាយនិងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមទីតាំងដែលខ្វះខាតទឹកប្រើប្រាស់អោយបានសកម្ម លឿន និងទាន់ពេលវេលា ដើម្បីបងប្អូនយើងមានទឹកប្រើប្រាស់។ សូមបន្តជីកនិងស្តារស្រះ ប្រឡាយ និងអណ្តូងទឹកនៅតាមតំបន់ដែលកំពុងប្រឈមនិងបញ្ហាអត់ទឹកអោយបានច្រើនដែលអាចធ្វើបាន។
មកទល់ពេលនេះគ្រោះធម្មជាតិគឺកំពុងបន្តកើតមាននៅឡើយតាមបណ្តាខេត្តមួយចំនួន ហើយខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និង រន្ទះក៏នៅបន្តកើតមានបណ្តាលអោយខូចខាតជម្រកស្នាក់នៅ និងសាលារៀន ព្រមទាំងបណ្តាលអោយបាត់បង់ជីវិតមនុស្ស និងសត្វពាហនៈមួយចំនួនទៀតផង។
ក្នុងកាលៈទេសៈដ៏ចាំបាច់បំផុតនេះ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច សប្បុរសជន យុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ជាពិសេសសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់សូមចូលរួមអស់ពីកម្លាំងកាយចិត្ត រួមទាំងថវិកាដើម្បីជួយបងប្អូនប្រជាពលរដ្ឋអោយមានទឹកទទួលទាន និងជម្រកស្នាក់នៅទាន់ពេលវេលា។ សូមជួយពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យដល់បងប្អូន និងជំនួយសង្រ្គោះបន្តាន់នានា ដោយមិនប្រកាន់លើជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
សូមអរគុណ និងជូនពរសប្បុរជន និងក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ដែលបាននិងកំពុងចែកចាយផ្គត់ផ្គង់ទឹក និងជួសជុលផ្ទះសម្បែងជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ៕
ដោយ៖ សុខ ខេមរា