ភ្នំពេញ៖គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានជួបប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីយុត្តិធម៌អនីតិជន នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
សេចក្ដីព្រាងច្បាប់ស្ដីពីយុត្តិធម៌អនីតិជន មាន១៦ជំពូក ចែកចេញជា៨៩មាត្រា ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ សម្រេចប្រគល់អោយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការគ្នាជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជា្ជជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ពិនិត្យនិងសិក្សា ។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មការទី៦នាពេលនេះ គឺជាកិច្ចប្រជុំផ្ទៃក្នុង ហើយនៅពេលខាងមុខ នឹងមានការជួបប្រជុំជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជា្ជជីវៈនិងកិច្ចការនារី បន្ទាប់មកក៏នឹងមានការអញ្ជើញតំណាងរាជរដ្ឋាភិបាលមកជួបប្រជុំពិភាក្សាបន្ថែមទៀត មុននឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា៕
ដោយ៖ សីលា