ខេត្តកណ្តាល៖ ២នាក់បងប្អូនឃើញជនបង្កម្នាក់ក្នុងវង់ផឹកសុីរត់ទៅយកកាំបិតផ្គាក់បម្រុងមកកាប់ខ្លួន ខណៈនោះអ្នកទាំងពីរក៏ស្ទុះចាប់ជាប់ ទ្រាំមិនបានក៏យកក្បាលទុយោទឹកធ្វើពីដែកវាយសំពងក្បាលជនបង្កនោះរយះក្បាលដេរ៣៧ថ្នេរកាលពីវេលាម៉ោង ២០:៣០នាទីថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២២ នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងរបួសដេរ៣៧ថ្នេរនោះឈ្មោះទៀង លីន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្រោយពីកើតហេតុភ្លាមនគរបាលមូលដ្ឋានបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនដែលរងរបួសនោះទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុឈានដល់ការឃាត់ខ្លួនជនដៃដល់ទាំង២នាក់បងប្អូននោះចាត់ការតាមច្បាប់តែម្តង។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនដៃដល់ទាំង២នាក់បងប្អូននោះ១/ឈ្មោះ ជិន លាភ ភេទ ប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់
២/ឈ្មោះ ជិន សំអាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់
-អ្នកទាំងពីរមានទីកន្លែងកំណើតភូមិសុភី ឃុំរតន: ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។
-បច្ចុប្បន្នៈស្នាក់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន
១/ក្បាលប៊ូមទឹកដែកចំនួន០១។
២/កាំបិតផ្គាកដងដែក ផ្លែដែកចំនួន០១មានប្រវែង៦២Cmផ្លែប្រវែង៣២Cm ដងប្រវែង៣០Cm ទទឹងផ្លែទំហំ៥Cm។
ប្រភពដដែលបានបញ្ជាក់ថានៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងដូចខាងលើមុនពេលកើតហេតុ ជនសង្ស័យទាំងពីនាក់បងប្អូនបង្កើតបានអង្គុយផឹកស្រាថ្នាំចំនួន០២លីត្រនៅក្នុងរោងចិញ្ចឹមត្រីជាមួយឪពុកបង្កើត លុះផឹកស្រាថ្នាំអស់ប្រហែល០១លីត្រស្រាប់តែឃើញឈ្មោះទៀង លីន (ជនរងរបួស)ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅមិនចាំស៊េរី មិនចាំស្លាកលេខ មកដល់កន្លែងដែលពួកខ្លួនកំពុងតែផឹក ឃើញដូច្នេះក៏ហៅអោយចូលផឹកស្រាថ្នាំជាមួយពួកខ្លួន ហើយជនដែលរងរបួសនោះក៏បានចូលអង្គុយផឹកស្រាថ្នាំជាមួយគ្នា ។ ផឹកអស់ស្រាថ្នាំក៏កើតជាទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមកជាមួយឈ្មោះ ជិន អុិត ភេទប្រុស ត្រូវជាឪពុកបង្កើតរបស់ជនដៃដល់ទាំងពីរនាក់ខាងលើ ឃើញដូច្នេះជនដៃដល់ទាំងពីនាក់(ត្រូវជាកូន)ក៏បានឈ្លោះប្រកែកគ្នាទៅវិញ ទៅមក ភ្លាមនោះជនរងរបួសខឹងក៏ស្ទុះដើរចូលទៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនជិតនោះហើយបានទាញយកកាំបិតផ្គាក់ផ្លែដែក ដងដែក បម្រុងកាប់ទៅលើអ្នកទាំងពីរនាក់បងប្អូន។ តែមិនទាន់បានកាប់ផងស្រាប់តែអ្នកទាំងពីរនាក់បងប្អូនស្ទុះមកចាប់គ្រៀកជាប់ហើយជនសង្ស័យឈ្មោះជិន លាភ (ជនដៃដល់)បានយកក្បាលទុយោបូបទឹកធ្វើពីដែក មកវាយ ទៅលើក្បាលជនដែលកាន់កាំបិតផ្គាកនោះចំនួនពីរក្បាលទុយោដែកបណ្តាលឱ្យបែកក្បាលហូរឈាមរងរបួសធ្ងន់ បន្ទាប់មកត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ និងបញ្ជូនជនរងគ្រោះទៅព្យាលបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយដេរចំនួន៣៧ថ្នេរ។
រួចក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកម្លាំងប៉ុស្តិ៍កំពង់ស្វាយ សហការជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បងប្អូនមកសួរនាំនៅប៉ុស្តិ៍កំពង់ស្វាយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បងប្អូនបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដោយចេតនាលើជនរងគ្រោះពិតប្រាកដមែន។
ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ