ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី០៣ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលស្រុកកំរៀង បានឃាត់ខ្លួនបុរសម្នាក់ និងរថយន្តមួយគ្រឿង ដែលដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោន នាំចូលពីប្រទេសថៃ។
របាយការណ៍ដដែលបន្តថា កម្លាំងនគរបាលស្រុកកំរៀងដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០២ ខែកក្កដាម្សិលមិញនេះ ត្រង់ចំណុចគោលដៅចរាចរណ៍ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-0087 បើកបរដោយឈ្មោះ សុខ ចាន់ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យលើរថយន្តឃើញមានប្រហិតចម្រុះខូចគុណភាពប្រមាណជាង ២,០០០គីឡូក្រាម ដែលផ្ទុកពេញរថយន្ត ។
បច្ចុប្បន្ន នៅព្រឹកថ្ងៃអាទិត្យទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុក បានបញ្ជូនទាំងម្ចាស់ និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី