ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនៃវគ្គបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់កម្រិត ‘គ’ សម្រាប់គ្រូកីឡាក្នុងខេត្តកំពង់ស្ពឺ ពិធីប្រគល់វិញ្ញាបនបត្រ ក៏ត្រូវបានធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡាក្នុងខេត្តកំពង់ស្ពឺ។ វគ្គបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់កម្រិត ‘គ’ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីជួយលើកកម្ពស់កម្រិតបង្ហាត់កីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ។
ពិធីនោះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ លោក Ohara Kazunori នាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក ឡៃ សុធា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ចូលរួមក្នុងពិធីនោះដែរ មានលោក ឃួន ឡាបូរ៉ាវី ជំនួយការគ្រូបង្វឹកនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ និងគ្រូកីឡាខេត្តកំពង់ស្ពឺ។
វគ្គបណ្តុះបណ្តាលជំនាញបង្ហាត់បាល់ទាត់កម្រិត ‘គ’ គឺជាកម្មវិធីថ្មីបំផុតនៃកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ចាប់ផ្តើមក្នុងឆ្នាំ២០១៨ គំនិតផ្តួចផ្តើមនេះ បានផ្តល់ប្រយោជន៍ដល់សិស្សានុសិស្សជាង ៥៩.៥០០ នាក់គិតមកដល់បច្ចុប្បន្ន។ កម្មវិធីនេះ បានចាប់ផ្តើមជាមួយនឹងវគ្គបង្ហាត់កម្រិតមូលដ្ឋានកម្រិត ‘ឃ’ ដោយមានការចូលរួមពីគ្រូកីឡា ១២០ នាក់មកពីវិទ្យាល័យ និងអនុវិទ្យាល័យ ៩៣ ក្នុងខេត្តកំពង់ស្ពឺ។ បន្ទាប់មក ជំនាញបង្ហាត់របស់ពួកគេ ត្រូវបានធ្វើតេស្តតាមរយៈការប្រកួតបាល់ទាត់យុវជនខ្នាតតួចអាយុក្រោម ១៨ ឆ្នាំដែលបានរៀបចំឡើងនៅក្នុងខេត្តកំពង់ស្ពឺ។ សិស្សានុសិស្សប្រុសស្រីប្រមាណ ៦០០ នាក់ បានបញ្ចប់ការប្រកួតរយៈពេល ៤ ថ្ងៃ និងបានបង្ហាញជំនាញលេងបាល់របស់ពួកគេបន្ទាប់ពីទទួលបានចំណេះដឹងពីគ្រូបង្ហាត់។
បន្ទាប់មក សមត្ថភាពបង្ហាត់ ត្រូវបានវាយតម្លៃ ហើយគ្រូកីឡា ១៤ នាក់ដែលបានពិន្ទុខ្ពស់ជាងគេ ត្រូវបានជ្រើសរើសដើម្បីបន្តទៅវគ្គបណ្តុះបណ្តាលកម្រិត ‘គ’ រួមទាំងគ្រូកីឡា ៦ នាក់មកពីអង្គការផ្តាយសមុទ្រ។ ដឹកនាំដោយគ្រូបច្ចេកទេសលោក Ohara វគ្គបណ្តុះបណ្តាលរយៈពេល ២ សប្តាហ៍នេះ បានផ្តល់បច្ចេកទេសបង្ហាត់កីឡាបាល់ទាត់កម្រិតខ្ពស់ដើម្បីឲ្យគ្រូកីឡាទទួលបានការបង្ហាត់កម្រិតអាជីព។ គ្រូកីឡា បានរៀនពីរបៀបរៀបចំផែនការក្រុម និងផ្តល់ការបង្ហាត់ដល់សិស្សរបស់ពួកគេដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីបាល់ទាត់ដ៏មានសក្តានុពលសម្រាប់អនាគត។ គ្រូដែលបានបញ្ចប់វគ្គដោយជោគជ័យ បានទទួលវិញ្ញាបនបត្រផ្លូវការកម្រិត ‘គ’ ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់។
នៅក្នុងពិធីនោះ គណៈអធិបតី ៣ រូប បានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួម។ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឲ្យដឹងថា “យើងមានសេចក្តីរីករាយដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់របស់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានជួយបង្កើនជំនាញបង្ហាត់កីឡាបាល់ទាត់ដល់គ្រូកីឡា និងជួយដល់សិស្សានុសិស្សរបស់យើង។ ខ្ញុំពេញចិត្តយ៉ាងខ្លាំងដែលអាចស្វែងរកកីឡាករ-កីឡាការិនីបាល់ទាត់វ័យក្មេងដែលពោរពេញដោយទេពកោសល្យនៅក្នុងខេត្តកំពង់ស្ពឺ។ វាបានជួយបង្កើនសមត្ថភាព និងចំណេះដឹងដល់ពួកគេរហូតដល់ពួកគេត្រូវបានជ្រើសរើសចូលក្នុងជម្រើសជាតិយុវជន”។
ចំណែកលោក Ohara នាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងអំណរគុណដល់គ្រូកីឡាដែលបានចំណាយពេលផ្ទាល់ខ្លួនចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងអបអរសាទរដល់គ្រូដែលទទួលបានវិញ្ញាបនបត្រកម្រិត ‘គ’។ គាត់សង្ឃឹមថា ពួកគេនឹងប្រើចំណេះដឹង និងជំនាញដែលពួកគេបានរៀនពីវគ្គបណ្តុះបណ្តាលទៅបង្ហាត់ដល់សិស្សរបស់ពួកគេ រួមទាំងទ្រឹស្តី និងការអនុវត្ត។ គាត់ចង់ឃើញសិស្សកាន់តែច្រើនទទួលបានប្រយោជន៍ពីកម្មវិធីនេះ និងត្រូវបានជ្រើសរើសដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែម និងក្លាយជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ។
លោក ឡៃ សុធា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងផងដែរថា “តាងនាមឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានផ្តួចផ្តើមកម្មវិធីនេះដែលបង្កើតឲ្យមានគ្រូកម្រិត ‘ឃ’ និង ‘គ’។ គ្រូកីឡា ដើរតួយ៉ាងសំខាន់នៅក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍកីឡាកម្រិតមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈកម្មវិធីនេះ យើងមានសេចក្តីរីករាយដែលពួកគេអាចបណ្តុះបណ្តាលសិស្សរបស់ពួកគេក្នុងកម្រិតអាជីព។ ជារឿងដ៏ប្រពៃដែលយើងអាចផលិតបានកីឡាករ-កីឡាការិនីវ័យក្មេងចេញពីខេត្តកំពង់ស្ពឺ”។
គួរដឹងផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើន រួមមាន ពានរង្វាន់ប្រាក់ Stevie® ក្នុងឆ្នាំ២០២១ និងពានរង្វាន់ Stevie® សំរឹទ្ធិក្នុងឆ្នាំ២០២០ សម្រាប់កម្មវិធីការងារសង្គមឆ្នើមប្រចាំឆ្នាំប្រចាំទ្វីបអាស៊ី អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ព្រមទាំងពានរង្វាន់សហគ្រាសមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ីក្នុងផ្នែកលើកស្ទួយសង្គមក្នុងឆ្នាំ២០១៩ ផងដែរ៕ដោយ៖ស តារា
គ្រូកីឡានៅក្នុងពិធីប្រគល់វិញ្ញាបនបត្របង្ហាត់កីឡាបាល់ទាត់កម្រិត ‘គ’ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ
កញ្ញា យ៉ុន យ៉ើន កីឡាការិនីជម្រើសជាតិនារី អនុវត្តការតែតបាល់ជាមួយអតីតគ្រូកីឡានៃសាលាបឋមសិក្សាត្រពាំងត្រោកលោកគ្រូ ម៉ី សុជាតិ ដែលបច្ចុប្បន្ន គាត់ជាគ្រូបង្វឹកក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ
លោក ឡៃ សុធា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងសុន្ទរកថាអមដោយលោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងលោក Ohara Kazunori នាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា