ភ្នំពេញ៖ គូស្នេហ៍ផ្អែមល្ហែមចាក់ទឹកមិនលិចដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះត្រូវបានសាលដំបូងរាជធានីភ្នំពេញបានធ្វើការកោះហៅ ចូលបំភ្លឺនិងសម្រុះសម្រួលលើកដំបូងជុំវិញបណ្តឹងប្តឹងលែងលះនៅសប្តាហ៍ក្រោយនេះ ។ ការកោះហៅនេះត្រូវបានធ្វើឡើងក្រោយពីលោក ប៉ែន ចំរ៉ុងបានប្តឹងលែងលះភរិយាកាលពីពេលកន្លងទៅក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នាក្រោយរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយមិនទាន់បានមួយឆ្នាំស្រួលបួលផង។
បន្ទាប់ពីលេចចេញការដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថាជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន។ ប្រភពពីមន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញបានទម្លាយឲ្យដឹងថា លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក ប៉ែន ចំរ៉ុង ជាពិធីករ និងជាតារាសម្ដេងល្បីឈ្មោះ និងអ្នកស្រី ភិន សុដាលីស ជាភរិយាឲ្យចូលខ្លួនមកតុលាការនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ តបតាមបណ្តឹងសុំលែងលះប្រពន្ធ របស់លោក ប៉ែន ចំរ៉ុង ដែលបានដាក់ចូលដល់ដៃតុលាការ កាលពីមុនពិធីបុណ្យចូលឆ្នាំថ្មី។ ប្រភពដដែលបានបញ្ជាក់ថា តារាសម្ដែងលោក ប៉ែន ចំរ៉ុង ដែលកំពុងតែហ៊ុំព័ទ្ធដោយពាក្យរិះគន់ តិះដៀលពីសំណាក់មហាជនថា ជាតារាសម្ដែងគ្មានភាពក្លាហាន និងទំនួលខុសត្រូវចំពោះអនាគតភរិយានោះ បានទទួលដីកាកោះពីចៅក្រមរួចហើយ ប៉ុន្តែអ្នកនាង ភិន សុដាលីស ពុំទាន់បានទទួលបានដីកានៅឡើយទេ។ មានការលើកឡើងដែរដែរថា ការកោះហៅនេះនឹងត្រូវធ្វើឡើងដើម្បីធ្វើការសម្របសម្រួលអ្នកទាំងពីរជាលើកទី១មុនពេលការសម្របសម្រួលើកចុងក្រោយត្រូវបានធ្វើឡើងនៅពេលបន្ទាប់។ ប្រសិនបើការសម្របសម្រួលក្នុងបំណងឲ្យពួកគេវិលរកការរួមរស់ជាថ្មីមិនទទួលបានលទ្ធផលទេ តុលាការនឹងសម្រេចបើកសវនាការកាត់ក្តីឲ្យពួកគេលែងលះគ្នាជាស្ថាពរ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ ពីតារាសម្តែងដែលធ្លាប់បានសន្យារក្សាស្នេហាប្តូផ្តាច់នេះនៅឡើយទេ។
ឪពុករបស់អ្នកនាងភិន សុដាលីស គឺលោក អ៊ិន សុភិន បានលើកឡើងថា កូនលោកអាចនឹងមិនមានតម្រុយណាមួយបញ្ជាក់ថា កូនស្រីលោកនឹងវិលទៅរួមរស់ជាមួយប៉ែន ចំរ៉ុងវិញទេព្រោះតែពេលនេះកូនស្រីលោកបានឆ្អែតចិត្តនឹងអំពើដែល ប៉ែន ចំរ៉ុង ធ្វើមកលើនាង។ លោកបញ្ជាក់ថា តាមភរិយាលោកប្រាប់លោកគឺភិន សុដាលីស បានបញ្ជាក់ដាច់ខាតមិនវិលរក ប៉ែន ចំរ៉ុងឡើយ ប៉ុន្តែកូនស្រីលោកមិនបានបញ្ជាក់អំពីពេលវេលានៃការវិលមករួមរស់ជាមួយក្រុមគ្រួសារវិញពេលណាដែរ។ លោកថា ពេលនេះលោកនិងក្រុមគ្រួសារកំពុងព្យាយាមលួងលោម ភិន សុដាលីសឲ្យវិលមករស់នៅក្នុងក្រុមគ្រួសារវិញ ពិសេសការលួងលោមយ៉ាងយកចិត្តទុកដាក់ព្រោះតែនាងមានជំងឺផ្នែកផ្លូវចិត្តស្រាប់។
ប្រភពព័ត៌មាន ពីចង្កោមរស់នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថា រវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូរមកហើយ ពោលគឺតាំងពីនាង ភិន សុដាលីស ចុះចោលផ្ទះ ប្រមាណជិតមួយខែឯណោះ។ ពួកគេ ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងគ្នា មិនចេះចប់មិនចេះហើយ ក្រោយពេលនាងមានទំងន់កូន៣ខែក្នុងផ្ទៃ រហូតដល់ថ្នាក់ពេលខ្លះលោក ប៉ែន ចំរ៉ុង ខូចចិត្តដើរផឹកស៊ីស្រវឹង ស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ។ ប្រសិនបើចំណងស្នេហ៍ដែលធ្លាប់សន្យាប្តូផ្តាច់នេះមិនអាចវិលរកស្ថានភាពប្រសើរទេនោះ មហាជននឹងកាន់តែដកសេចក្តីទុកចិត្តកាន់តែខ្លាំងទៅលើជីវិតស្នេហារបស់សិល្បករព្រោះតែកន្លងមកមានសិល្បករជាច្រើនបានបញ្ចប់ស្នេហាភាគច្រើនជាងជិវិតបុគ្គលសាមញ្ញ៕
ដោយ៖ វឌ្ឍនា