ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដៀង ចុះត្រួតពិនិត្យក្នុងការប្រើប្រាស់អាវុធជាតិនៅទីស្នាក់ការរដ្ឋបាលជលផលកណ្ដៀង និងទីស្នាក់អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ក្នុងនោះកម្លាំងរកឃើញនិងដកហូតទុកជាបណ្ដោះអាសន្ននៅអាវុធ១ដើម ខណៈកំពុងប្រើប្រាស់ដោយគ្មានឯកសារ។
ប្រតិបត្តិការនេះប្រព្រិត្តឡើងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្ទៃបឹងទន្លេសាប (ទីស្នាក់ការរដ្ឋបាលជលផលកណ្ដៀង និងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប) ស្ថិតក្នុងភូមិកោះក្អែកនិងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោកអនុសេនីយ៍ឯក ញឹក បាន មេបញ្ជាការមូលដ្ឋានស្រុកកណ្ដៀងបានឲ្យដឹងថា ប្រតិបត្តិការនេះ នៅទីស្នាក់រដ្ឋបាលជលផលកណ្ដៀងត្រួតពិនិត្យបទល្មើសយោធាឃើញការប្រើប្រាស់អាវុធ២ដើមមានលិខិតបេសកកម្មត្រឹមត្រូវ ចេញដោយលោកឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។ លោកអនុសេនីយ៍ឯកបន្តថា នៅស្នាក់ការអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ត្រួតពិនិត្យឃើញអាវុធ១ដើមនិងដកហូតទុកជាបណ្ដោះអាសន្នម៉ាក AK លេខ 4264 បង់១ គ្រាប់ចំនួន២៣គ្រាប់ (គ្មានលិខិតបេសកកម្ម)។
លោកបន្តទៀតថា វត្ថុតាងអាវុធនិងគ្រាប់រក្សាទុកនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀង រងចាំសារមីខ្លួនអង្កភាពចូលមកបន្តតាមនិតិវិធី៕
ដោយ៖ ប៉ឹម ពិន