ខេត្តកណ្តាល៖ បុរសវ័យ៦៦ឆ្នាំម្នាក់បានធ្វើសកម្មភាពលួងលោមក្មេងស្រីអាយុ១១ឆ្នាំរំលោភសេពសន្ថវៈរហូតបានសម្រេចបំណងខ្លួនឯងជាច្រើនលើកច្រើនសារ គ្រាដែលឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះជាប់រវល់ទៅធ្វើការបាត់ៗ ។
នៅពេលថ្មីៗនេះស្ត្រីជាម្ដាយមានការសង្ស័យក៏ជជីកសួរនាំដឹងរឿង ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ។ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះតាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។
ករណីលួងលោមក្មេងស្រីអាយុ១១ឆ្នាំរំលោភនេះបានកើតឡើងតាំងពីអឡុងខែតុលា ឆ្នាំ២០១៥ នៅត្រង់ចំណុចក្នុងទ្រុងចិញ្ចឹមមាន់របស់ជនល្មើស រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ទើបបែកការណ៍ដឹងដល់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌឿ សំអន ហៅឌៀប ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ យ.សយដ អាយុ១១ឆ្នាំ ជាសិស្ស មានទីលំនៅក្បែរផ្ទះជនសង្ស័យ ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះយកទៅធ្វើសកម្មភាពរំលោភ រហូតបានសម្រេចបំណងខ្លួនជាបន្តបន្ទាប់បានចំនួន៣លើក តាំងពីអំឡុងខែតុលា ឆ្នាំ២០១៥ មកម្លេះ ។ សកម្មភាពនេះជនសង្ស័យបានធ្វើឡើងគ្រាដែលឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះរវល់ទៅធ្វើការងារនៅឯកោះពេជ្រ ។ លុះមកដល់ថ្មីៗនេះស្ត្រីជាម្តាយឃើញទឹកមុខកូនស្រីរបស់ខ្លួនខុសប្រក្រតីក៏ជជីកសួរនាំ ទើបដឹងរឿងហេតុក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការណ៍តាមច្បាប់ ។
ជនសង្ស័យឈ្មោះ ឌឿ សំអន ហៅឌៀប បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះរំលោភសេពសន្ថវៈ រហូតបានសម្រេចបំណងខ្លួនឯចំនួណ៣លើកប្រាកដមែន តែមិនបានស៊ីជម្រៅនោះទេ ។ សកម្មភាពលួងលោមក្មេងស្រីរំលោភសេពសន្ថវៈនេះ ខ្លួនបានធ្វើឡើងជាបន្តបន្ទាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០១៥មកម្លេះ ទើបតែមកបែកការណ៍នៅពេលនេះ ហើយក៏ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនតែម្តង ។
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌ស្រុកខ្សាច់កណ្តាលបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ