ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ អំពីសកម្មភាពប្លន់គេហទំព័រសម្តេចតេជោ www.samdechhunsen.gov.kh ខាងក្រោមនេះគឺជាលើកឡើងពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែនផ្ទាល់ៈ នៅថ្ងៃទី 07/05/2016 ម៉ោងប្រមាណ 04:12:00ព្រឹក មានក្រុមក្រុមចោរប្លន់វេបសាយ (Hacker) បានចូលមកប្លន់ (Hacked) វេបសាយ សម្តេចតេជោ ហ៊ុន សែន www.samdechhunsen.gov.kh ដោយបានលួចប្តូររូបភាព និងបានលួចប្តូរដាក់សារសម្លេងជាភាសាខ្មែរតាមទ្រង់ទ្រាយ HACKER ដែលបានបំផ្លាញកិត្តិយសសម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កការរំខាន និងធ្វើអោយបាត់បង់ទិន្ន័យមួយចំនួនធំក្នុងនៅក្នុងវេបសាយផងដែរ។
នេះជាបទឧក្រិដ្ឋផ្នែកព័ត៌មានវិទ្យា ដែលជនល្មើសបានប្រព្រឹត្តិដោយចំហរមកលើទំព័រផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ភស្តុតាងទាំងនេះ គឺជាទង្វើមិនអាចប្រកែកបានរបស់ក្រុមបក្សប្រឆាំងដែលតែងតែរិះរកវិធីទុច្ចរិត គម្រក់ៗគ្រប់យ៉ាងធ្វើការវាយប្រហារមកលើ សម្តេចតេជោ ហ៊ុន សែន។ ជនល្មើសទោះបីមានប្រភពមកពីណាក៏ដោយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាតិ និងអន្តរជាតិ។
នៅពេលនេះ ក្រុមជំនាញស្រាវជ្រាវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (IT Crimes) របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងស្រាវជ្រាវរកប្រភពជនល្មើស HACKER យកមកផ្តន្ទារទោសតាមច្បាប់ជាធរមាន៕
ដោយ៖ សុខ ខេមរា