ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅលើកំណាត់ផ្លូវជាតិលេខ៤ បន្ទាប់ពីបុរសរូបនេះបើកម៉ូតូក្នុងល្បឿនលឿនគេចមិនជាន់ជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុករថយន្តកុងតឺន័របត់ឆ្លងផ្លូវអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តសណ្តោងកុងតឺន័រ ម៉ាកហ្វុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-7312 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។ ចំណែកឯជនរងគ្រោះឈ្មោះ យឹម ចាន់ដេត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1K-5733 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តសណ្តោងកុងតឺន័របត់ឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូងដោយពុំមានព្រូចុះស៊ីញ៉ូឡើយ ខណៈនោះជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីលិចទៅកើតមកដល់ក៏បុកពេញមួយទំហឹង ជាប់ជាមួយកាងរថយន្តអូសជាច្រើនម៉ែត្រទើបឈប់ បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តប្រភេទសណ្តោងកុងតឺន័របានរត់គេចខ្លួនបាត់ស្រមោល ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកអង្គស្នួល ធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ