ភ្នំពេញ : នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឲ្យប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានចូលជួបសំណេះសំណាល នៅវិមានសន្តិភាព មុនពេលដែលប្រតិភូកីឡាត្រូវចេញដំណើរដើម្បីចូលរួមប្រកួត កីឡាប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ នេះជាការថ្លែងដោយ លោក ហ៊ុនម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅ រសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២។
លោកបានមានប្រសាសន៍ទៀតថា, ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលជាជនពិការថា សម្តេចក៏ជាជនពិការម្នាក់ដែរ តែសម្តេចអាចបំពេញតួនាទីភារកិច្ចជានាយករដ្ឋមន្ត្រីបាន ដូច្នេះកីឡាករ កីឡាការិនីដែលជាជនពិការដូចគ្នាត្រូវតែមានទឹកចិត្តពុះពារ ខំប្រឹងហ្វឹកហាត់ធ្វើយ៉ាងណាប្តេជ្ញាជ្រោងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានកាន់តែខ្ពស់ត្រដែត ក្នុងនាមជាជាតិសាសន៍មួយ ហើយពាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។
អ្នកតំណាងរាស្ត្រលោកហ៊ុនម៉ានីបន្តថា លើសពីនេះទៅទៀតនោះ សម្តេចតេជោក៏បានបញ្ជាក់ជូនចំពោះប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ផងដែរថា រាល់ការចេញទៅប្រកួតនេះ យើងមិនមែនមានតែកីឡាករ កីឡាការិនី នោះទេ គឺមានសម្តេចដែលជាប្រធានកីឡាប៉ារ៉ាឡាំពិកកម្ពុជា ហើយយើងនៅមានប្រជាជនខ្មែរប្រមាណ១៧លាននាក់ទៀត ដែលនឹងចូលរួមប្រកួតជាស្មារតី ហើយដែលតែងតែនៅជាមួយគ្នា ដើម្បីលើកទឹកចិត្តកីឡាករ កីឡាការិនីខ្មែរគ្រប់ៗរូប។
លោកបានលើកឡើងទៀតថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញាតិ ក៏ដូចជាផ្តល់សេចក្តីទុកចិត្ត ដល់ខ្ញុំ ក្នុងភាពជាតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ៕
ដោយ : សិលា