ខេត្តបន្ទាយមានជ័យៈ បុរស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូទៅបុករថយន្តក្នុងទិសដៅច្រាសទិសគ្នា នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៦ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧៨-៣៧៩.ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
លោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា៖ មុនដំបូងមានម៉ូត០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរភេទប្រុសមិនស្គាល់អត្តសញ្ញាណ និងមានអ្នករួមដំណើរ១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ(មានពាក់មួកសុវត្ថិភាពទាំង០២នាក់) បានជិះម៉ូតូពីលិចទៅកើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបើកជែងរថយន្ត០១គ្រឿងដែលកំពុងបើកបរស្របទិសគ្នានៅពីមុខ ហើយក៏បានជ្រុលចង្កូតទៅបុករថយន្ត០១គ្រឿងផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ បើកបរមកពីកើតទៅលិចក្នុងគន្លងផ្លូវស្ដាំរបស់គេបណ្ដាលឱ្យកើតមានគ្រោះថ្នាក់តែម្ដង។
លោកអធិការបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ហើយម៉ូតូបានខូចខាតធ្ងន់នៅផ្នែកខាងមុខ។ អ្នកបើកបររថយន្តនិងរថយន្តមិនស្គាល់អត្តសញ្ញាណបានបើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ច្រងេងច្រងាងខ្វះការប្រុងប្រយ័ត្ន ៕
ដោយវណ្ណា