ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណះរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអរគុណបងប្អូនអ្នកសារព័ត៌មាន ដែលបានចូលរួមផ្សាយការពិតអំពីកម្ពុជា។ ពិតណាស់ អ្នកសារព័ត៌មានមិនមែនជាអ្នកមានទ្រព្យធនសម្បូរហូរហៀរទេ ប៉ុន្តែបងប្អូនស្រឡាញ់អាជីពនេះហើយចង់ចូលរួមជួយសង្គមតាមរយៈការផ្សព្វផ្សាយ។ ជាអ្នកសារព័ត៌មានក៏មិនអាចក្លាយជាអ្នកមានបានទេ។ បងប្អូនមួយចំនួនកំពុងប្រឈមនឹងការខ្វះខាតទើបដាច់ចិត្តសុំជំនួយ។
ប៉ុន្តែកន្លងទៅ គឺខ្ញុំបានជួបបុគ្គលមួយចំនួនដែលឈរចាំនៅផ្លូវចេញ-ចូលភោជនីយដ្ឋានសុំលុយអ្នកទៅញ៊ាំអាហារ ដោយបង្ហាញកាតនិងប្រាប់ថាពួកគាត់ជាអ្នកសារព័ត៌មានហើយសុំលុយដោយត្រង់ៗតែម្តង (ខ្ញុំបានជួបនៅភោជនីយដ្ឋានប្រេស៊ីដង់កម្ពុជាក្រោម)។ ការសុំនេះ គឺខ្ញុំមើលទៅជារបៀបបង្ខំគោះសុំលុយត្រង់ៗដោយគ្មានការខ្មាសអៀន។ ប៉ុន្តែខ្ញុំមិនដឹងច្បាស់ថា តើពួកគាត់ជាអ្នកសារព័ត៌មានពិតឬយ៉ាងណា? តើបងប្អូនធ្លាប់បានជួបករណីបែបនេះទេ?
លោកបន្តថា៖ ជាអំពើល្អ បើអាចជួយពួកគាត់បាន ទោះបីបានមួយគ្រា ឬមួយពេល ឬច្រើនដង… បើមានលទ្ធភាពសូមជួយពួកគាត់ផងចុះ ព្រោះពួកគាត់មួយចំនួនមានកូនតូចកំពុងឈឺនៅក្នុងមន្ទីរពេទ្យ ឬមានប្រពន្ធកំពុងសម្រាកព្យាបាលដែលត្រូវការជំនួយបន្ទាន់។ ខ្ញុំសង្ឃឹមថា បងប្អូនអ្នកសារព័ត័មានយើងនឹងទទួលយកពាក្យផ្តាំផ្ញេីក្នុងបំណងល្អពីរូបខ្ញុំក៏ដូចពីសប្បុរសជនផ្សេងៗទៀតដោយការស្រឡាញ់រាប់អាន។
លោកបន្តថា៖ អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
ដោយ ៖ សិលា