លោក ហ៊ុនម៉ានី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទមហាសន្និបាត វេទិកាសន្តិភាពកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី 7 ខែកក្កដាឆ្នាំ 2022 បានមានប្រសាសន៍ថា, ថ្ងៃនេះខ្ញុំមានកិត្តិយសដែលត្រូវបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទមហាសន្និបាត វេទិកាសន្តិភាពកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ លោកថ្លែងបន្តថា, ខ្ញុំបានស្តាប់របាយការណ៍សកម្មភាព វឌ្ឍនភាព ក៏ដូចជាគម្រោងឆ្ពោះទៅអនាគត ហើយខ្ញុំសូមចូលរួមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតអង្គការវេទិកាសន្តិភាពកម្ពុជា ដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃ។

លោកមានប្រសាសន៍លើកឡើងថា, ទោះបីជាអង្គការវេទិកាសន្តិភាពទើបតែមានសកម្មភាពរយៈពេលមួយឆ្នាំក៏ពិតមែន តែវេទិកាសន្តិភាពកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីដំណើរស្វែងរកសន្តិភាព គុណតម្លៃ និងផលប្រយោជន៍នៃសន្តិភាពដល់យុវជន  និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសកម្ពុជា។ ជាការពិតណាស់ ដំណើរឆ្ពោះទៅមុខ ក៏ដូចជាការដឹកនាំស្ថាប័ននិមួយៗពិតជាមិនមានភាពងាយស្រួលនោះទេ។ ការដឹកនាំស្ថាប័នអង្គការចាត់តាំង ត្រូវធ្វើឡើងដោយការគ្រប់គ្រងច្បាស់លាស់ ដោយសន្សឹមៗ និងត្រូវបង្កើនភាពជឿជាក់ជាបន្តបន្ទាប់ ដើម្បីទទួលបានការគាំទ្រ ការជឿទុកចិត្ត និងការចូលរួមដោយមិនមានការបង្ខិតបង្ខំ។

លោកបញ្ជាក់ថា, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងបន្តចូលរួមក្នុងបេសកកម្ម ដើម្បីផ្សព្វផ្សាយពីគុណតម្លៃនៃសុខសន្តិភាព ព្រោះសន្តិភាពពិបាកទទួលបានណាស់ ប៉ុន្តែសុខសន្តិភាពនេះងាយនឹងត្រូវបានបាត់បង់ក្នុងពេលតែមួយរំពេចតែប៉ុណ្ណោះ ៕

ដោយ: សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print