ចំពោះការប្រកាសរបស់បណ្តាប្រទេសលោកខាងលិចពីគម្រោងយកឈ្នះរុស្ស៊ីនៅលើសមរភូមិពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះ ភ្លាមៗនោះដែរប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ជាក់ថា «ទុកឱ្យពួកគេសាកល្បងមើល»។
វិមានក្រឹមឡាំងបានប្រកាសថា ក្នុងពេលប្រធានាធិបតីពូទីនមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងបណ្តាគណបក្សនយោបាយនោះ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា «នៅថ្ងៃនេះយើងទទួលដំណឹងថា ពួកគេចង់យកឈ្នះយើងនៅលើសមរភូមិ។ ដូច្នេះយើងមិនអាចនិយាយអ្វីនោះឡើយ គឺទុកឱ្យពួកគេសាកល្បងចុះ ។ យើងទទួលបានព័ត៌មានថា លោកខាងលិចចង់ធ្វើសង្គ្រាមជាមួយយើងក្នុងសមរភូមិអ៊ុយក្រែនរហូតដល់ទីបញ្ចប់។ នេះជារឿងអាក្រក់សម្រាប់ពលរដ្ឋនិងប្រទេសអ៊ុយក្រែនដែលត្រូវទទួលរងនូវបញ្ហាទាំងនោះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីមិនទាន់ចាប់ផ្តើមអ្វីមួយដោយទ្រង់ទ្រាយធំនោះទេ។ ទន្ទឹមនឹងនោះ រុស្ស៊ីមិនបានបោះបង់កិច្ចពិភាក្សាសន្តិភាពនោះឡើយ ប៉ុន្តែអ្នកណាបដិសេធពិភាក្សាសន្តិភាព គួរតែគិតថា កាន់តែអូសបន្លាយពេល រឿងអាក្រក់កាន់តែកើតឡើងខ្ពស់។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមសង្គ្រាមនៅ Donbass ប្រទេសអ៊ុយក្រែន ប៉ុន្តែតាមការលើកឡើងរបស់លោក សង្គ្រាមបានបង្កឡើងដោយប្រទេសលោកខាងលិចដែលបានជួយនិងចូលរួមនៅក្នុងការធ្វើរដ្ឋប្រហារប្រដាប់ដោយអាវុធនៅអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ហើយក្រោយមកជំរុញឱ្យមានបទល្មើសសម្លាប់រង្គាលប្រឆាំងពលរដ្ឋនៅតំបន់ Donbass៕ ដោយធីរីណា
រូបថត : Rianovosti