ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្រីប្រុសចំនួន៤នាក់ដែរបានស្លាប់និងរងរបួសធ្ងន់ដេករដូករណែលនៅលើកំណាត់ផ្លូវជាតិក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្តចំនួន២លើកនៅក្នុងខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១០ ស្ថិតនៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូ នឹងអ្នកបើកបររថយន្តនៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា(ពីលិចទៅកើត) ខណៈដែលអ្នកបើកបររថយន្តបត់ចូលចាក់សាំង បណ្ដាលឱ្យអ្នកជិះម៉ូតូដែលធ្វើដំណើររួមគ្នាចំនួន៣នាក់បុកចំទ្វារមុខរថយន្តផ្នែកខាងឆ្វេងពេញទំហឹងធ្វើឲ្យបោករងរបួសរដូករណែលគួរឱ្យរន្ធត់ ។
ដោយឡែកនៅលើកំណត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលបានប្រាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកជិះម៉ូតូ នឹងអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ នៅគ្រាកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឱ្យភាគីជិះម៉ូតូស្លាប់ភ្លាមៗ។
ប្រភពខាងលើឱ្យដឹងទៀតថា ក្រោយកើតហេតុវត្ថុតាងម៉ូតូនិងរថយន្ត សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ជើងគោកបានចាត់ចែងទៅតាមនីតិវិធី ៕
ដោយៈ ប៉ឹម ពិន