ភ្នំពេញ៖ អាជ្ញាធរសាលាខណ្ឌសែនសុខ ដឹកនាំដោយ លោក ថេង សុថុល អភិបាលរងខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ឃ្មួញ មន្រ្តីពាក់ព័ន្ធ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្ស នៅសាលាឋមសិក្សាសែនសុខ នៅព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៦ នេះបានបើកយុទ្ធនាការ ចុះសំអាត បរិស្ថាន អនាម័យ ដើម្បីធ្វើឲ្យមានសោភ័ណ្ឌភាពក្នុងមូលដ្ឋាន។
លោក ថេង សុថុល បានប្រាប់ឲ្យដឹងថា អាជ្ញាធរខណ្ឌតែងតែចុះសំអាតបរិស្ថានក្នុងមូលដ្ឋាន និងរៀបចំសណ្តាប់ធ្នាប់ ជាពិសេសតាមបណ្តាសាលារៀន និងទីប្រជុំជននានា។ ជាក់ស្តែងនាព្រឹកមិញ ក្រោយពិនិត្យឃើញឡដាក់សំរាមធំក្លិនស្អុយរលួយ ជះក្លិនដល់សាលារៀន និងប្រជាពលរដ្ឋនៅជុំវិញនោះ លោកបានហៅឡានដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី មកប្រមូល និងសំអាតទីតាំងនោះឲ្យបានស្អាត ហើយបានពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋយកសំរាមមកចាក់សូមដាក់ឲ្យមានរបៀបរាបរយ។ ឡ ចាក់សំរាមចំនួន៥កន្លែងត្រូវបាន អាជ្ញាធរខណ្ឌធ្វើការវាយកំទេចតាមសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះបើទុកទៀតមានបងប្អូនពីក្នុងភូមិបន្តយកសំរាមមកចាក់ បង្កឲ្យប៉ះពាល់ដល់បរិស្ថាន ជះក្លិនស្អុយដល់សិស្សនុសិស្ស និងប្រជាពលរដ្ខនៅជុំវិញនោះ។
យុទ្ធនាការសង្គមមួយនេះត្រូវបានលោកថេង សុថុល អះអាងថា តែងតែធ្វើឡើងជាប្រចាំដើម្បី លើកកម្ពស់ សុខ មាលភាព របស់ប្រជាពលរដ្ឋទូទៅ និងជំរុញឲ្យមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់ ក៏ដូចជា រក្សារបរិស្ថាន អនាម័យ កាន់តែមានភាពល្អប្រសើរឡើងសម្រាប់សង្គមជាតិទាំងមូល។
ក្នុងការចុះសំអាត និងការធ្វើអនាម័យក្នុងមូលដ្ឋានព្រឹកមិញនេះ គេសង្កេតឃើញថា មានការគាំទ្រ និងចូលរួមពី សំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕
ដោយ៖ តុង សីហា