ខេត្តរតរនគិរី៖ យុវជនម្នាក់ជាសិស្សរៀននៅសាលាវិទ្យាល័យសម្តេចឪសម្តេចម៉ែខណៈជិះម៉ូតូឆ្លងកាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបំបែកជាបួន(កែងសាលាវិទ្យាល័យ) ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក៏ត្រូវរថយន្តសាំយ៉ុងបុកយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ផ្លោង៤-៥ម៉ែត្ររងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង០៦នាទីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ឃើញយុវជនម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ស៊ន ចាន់ដារ៉ា អាយុ១៧ឆ្នាំជនជាតិខ្មែរ ជាសិស្សសាលារៀននៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ រងរបួសធ្ងន់ធ្ងរបែកមុខនឹងបាក់ឆ្មេញ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AG-៩០០៩ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២T-៨៤០០ បើកបរតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងទិសដៅពីកើតមកលិចដោយល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកទៅលើជនរងគ្រោះតែម្តង (រថយន្តខូចខាតខាងមុខផ្នែកខាងស្តាំ រីឯម៉ូតូខូចខាតស្ទើរតែទាំងស្រុង)។
ក្រោយពេលកើតហេតុប៉ូលិសចរាចរណ៍ជើងគោកបានចុះមកធ្វើការវាស់វែងដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់។ ចំណែករថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ វុទ្ធឦសាន្ត