ប្រទេសជប៉ុន ; ប្រភពពីសមត្ថកិច្ចស៊ើបអង្កេតបាននិយាយថា បុរសដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានប្រាប់ប៉ូលីសថា ដំបូងឡើយគាត់គ្រោងនឹងវាយប្រហារមេដឹកនាំក្រុមសាសនាដែលគាត់ជឿថាបានធ្វើឱ្យម្តាយរបស់គាត់ត្រូវក្ស័យធនដោយសារតែការបរិច្ចាគ។
ប្រភពដដែលបាននិយាយថា Tetsuya Yamagami អាយុ៤១ឆ្នាំ ក៏បានសារភាពថាគាត់មានចេតនាសម្លាប់លោក Abe ដោយជឿថាគាត់បានជួយលើកតម្កើងក្រុមសាសនាមួយនេះនៅក្នុងប្រទេសជប៉ុន។ ជនសង្ស័យបានទៅមើលទីតាំងជាច្រើនដងដែលលោក Abe គ្រោងថ្លែងសុន្ទរកថាយុទ្ធនាការមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យ។ ប៉ុន្តែ Yamagami បានបដិសេធថា គាត់បានប្រព្រឹត្តបទឧក្រិដ្ឋនេះ ដោយសារតែគាត់ប្រឆាំងទៅនឹងជំនឿនយោបាយរបស់លោក Abe នេះបើយោងតាមប៉ូលីស។ ប៉ូលីសបានឆែកឆេរផ្ទះរបស់គាត់កាលពីថ្ងៃសុក្រ ដោយបានរកឃើញវត្ថុដែលគេជឿថាជាគ្រឿងផ្ទុះ និងកាំភ្លើងផលិតនៅផ្ទះ។
Yamagami បច្ចុប្បន្នគ្មានការងារធ្វើ តែធ្លាប់ធ្វើការងារនៅរោងចក្រមួយក្នុងតំបន់ Kansai នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២០ ហើយបានលាឈប់កាលពីខែឧសភាឆ្នាំនេះ។ គាត់ធ្លាប់ជាសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្របាន៣ឆ្នាំរហូតដល់ខែសីហាឆ្នាំ២០០៥ ៕
ប្រភព៖ ក្យូដូ