លោក ម៉ាង ស៊ីណេត៖​ ស្នើដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនវ័យក្មេង អាជីវករ សិស្សានុសិស្ស និងតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖ ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ និងដាក់ដំណើរការគម្រោង «សម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសម្លេង ដើម្បីសមធម៌សង្គម(CO-SAVED) កាលពីរសៀលថ្ងៃទី៨ ខែកក្កដាម្សិលមិញ​នេះ​ ។ ក្នុងពិធីនេះដែរ លោកអភិបាលរងខេត្តកំពត និងខេត្តកែប ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងអាជ្ញាធរ សាលាខេត្តទាំងបីក៏បានចូលរួមតាមរយៈប្រព័ន្ធ Zoom Meeting ផងដែរ។

លោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ បានប្តេជ្ញាដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ ឱ្យបានល្អបំផុតសម្រាប់ជួយដល់ធុរៈកិច្ចនៅក្នុងខេត្ត ជាពិសេសការបង្កើតនូវលទ្ធភាពទទួលបានព័ត៌មានអាជីវកម្ម ទីផ្សារ និងការពង្រឹងសមត្ថភាព ក៏ដូចជាពង្រីកណ្តាញអាជីវកម្មក្នុងខេត្ត ក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិផងដែរ។ មកដល់បច្ចុប្បន្នសមាគមមានសមាជិកចំនួន ៤៥០សុទ្ធតែជាម្ចាស់អាជីវកម្មនៃក្រុមហ៊ុនប្រមាណជាង ៨០០នៅកម្ពុជា។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្នើដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនវ័យក្មេង អាជីវករ សិស្សានុសិស្ស និងតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាបណ្តាញ និងចងក្រងជាសមាគមជាប្រយោជន៍ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើនជាមួយគ្នា។

ក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ និងដាក់ដំណើរការគម្រោង «សម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសម្លេងដើម្បីសមធម៌សង្គម (CO-SAVED)» នេះពិតជាមានសារៈសំខាន់ និងដើរស្របតាមគន្លងផ្លូវរបស់រាជរដ្ឋាភិបាល ដែលបានដកកញ្ចប់ថវិកាសន្សំរបស់ជាតិជាង ១០០លានដុល្លារ និងអនុវត្តគោលនយោបាយ «ស្លឹកត្នោត ខ្ចប់ស្ករត្នោត» ដើម្បីស្ថាបនាផ្លូវក្នុងក្រុង និងផ្លូវប្របឆ្នេរចំនួនទាំង ៣៧ខ្សែ ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធ ប្រព័ន្ធលូរំដោះទឹកភ្លៀង ស្ថានីយចម្រោះទឹកកខ្វក់ កែលម្អខ្ចុះឆ្នេរកម្សាន្ត ការរៀបចំទីលានតេជោ ការសាងសង់រូបសំណាកផ្សេងៗ ក្នុងគោលបំណងកែលម្អសោភ័ណភាព ដើម្បីជំរុញការអភិវឌ្ឍក្នុងខេត្ត ហើយក៏ជាពេលវេលាដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ រៀបចំ និងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងស្របតាមគោលនយោបាយអភិវឌ្ឍន៍វិសយឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print