ក្នុងពេលដែលពលរដ្ឋជប៉ុននិង ថ្នាក់ដឹកនាំនៅជុំវិញពិភពលោក បង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ដល់ការចាកចេញជារៀងរហូតរបស់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ មតិសាធារណៈក៏បានចាប់អារម្មណ៍ពីពិធីបុណ្យសពតើត្រូវរៀបចំឡើងដោយរបៀបណា? ការងាររៀបចំបុណ្យសព គឺគណបក្សប្រជាធិបតេយ្យសេរីជាអ្នកសម្រេច។
សពរបស់អតីតនាយករដ្ឋមន្ត្រីអាបេ នៅព្រឹកថ្ងៃទី៩ខែកក្កដា បានដឹកចាកចេញពីមន្ទីរពេទ្យនៅទីក្រុងណារ៉ា ទៅកាន់ផ្ទះរបស់លោកនៅក្នុងខណ្ឌ Shibuya ក្នុងរដ្ឋធានីតូក្យូ។ ភរិយារបស់លោកអាបេគឺជាអ្នកយកសាកសពលោកទៅស្រុកវិញ។
ចាប់ពីល្ងាចថ្ងៃដដែល គ្រួសារលោកអាបេ នឹងទទួលភ្ញៀវដែលចូលរួមគោរពវិញ្ញាណក្ខន្ធលោកអាបេ មានទាំងបណ្តាគណបក្ស អង្គការ … នាយករដ្ឋមន្ត្រី Kishida Fumio ក៏បានទៅកាន់ផ្ទះអតីតនាយករដ្ឋមន្ត្រីដើម្បីគោរពវិញ្ញណក្ខន្ធផងដែរ ។
នៅពេលនេះដែរសារព័ត៌មាន CNN នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកអាបេ នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។
ការិយាល័យរបស់លោកអាបេ បានប្រាប់អ្នកយកព័ត៌មាន CNN ថា ពិធីបុណ្យសពនឹងធ្វើឡើងនៅថ្ងៃចន្ទ រីឯពិធីគោរពវិញ្ញាណក្ខន្ធនឹងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ ដោយឡែក ទូរទស្សន៍ជប៉ុន NHK ក៏បានឱ្យដឹងដែរថាពិធីបុណ្យសពរបស់លោកអាបេ នឹងត្រូវដឹកនាំដោយភរិយារបស់លោកផ្ទាល់ គឺលោកស្រី អាគី អាបេ (Akie Abe) នៅឯវិហារមួយក្នុងទីក្រុងតូក្យូ ហើយចំនួនអ្នកចូលរួមនឹងត្រូវបានដាក់កំហិត ពោលគឺមានតែសមាជិកគ្រួសារ និងមនុស្សដែលជិតស្និទ្ធជាមួយលោកអាបេ។
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សុីនហ្សូ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារនៅពេលដែលលោកកំពុងថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara៕ ដោយធីរីណា
រូបថត : Kyodo News