កីឡាករ Ben Chilwell របស់ក្លិប Chelsea ចង់ក្លាយជាខ្សែការពារឆ្វេងជម្រើសដំបូងរបស់អង់គ្លេសនៅព្រឹត្តិការណ៍ World Cup បន្ទាប់ពីអ្វីដែលគាត់ពណ៌នាថា ជារយៈពេល “លំបាក” ក្នុងអាជីពរបស់គាត់។ កីឡាករវ័យ២៥ឆ្នាំរូបនេះមិនបានលេងនៅ Euro 2020 ហើយបន្ទាប់ពីការចាប់ផ្តើមជាវិជ្ជមានក្នុងរដូវកាលមុនដោយបានខកខានរយៈពេល៦ខែព្រោះតែការវះកាត់ជង្គង់។ទោះជាយ៉ាងណាក៏ដោយគាត់បានត្រលប់មកវិញក្នុងនាមជាកីឡាករបម្រុងសម្រាប់ការប្រកួតចុងក្រោយរបស់ Chelsea នៃរដូវកាលនេះ។
គាត់បាននិយាយថា “ខ្ញុំបានសុបិនចង់លេងនៅ World Cup ចាប់តាំងពីខ្ញុំអាចចងចាំបាន។ ដើម្បីដឹងថា វាជិតដល់ហើយ វាគឺជាការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ខ្ញុំក្នុងការព្យាយាម មិនត្រឹមតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែគ្រួសាររបស់ខ្ញុំ ជាពិសេសបន្ទាប់ពី Euro ដែលជាពេលវេលាដ៏លំបាកសម្រាប់ខ្ញុំ។ ប្រសិនបើខ្ញុំអាចទៅ World Cup ក្នុងនាមខ្សែការពារឆ្វេងលេខ១ ហើយមានការប្រកួតដ៏ល្អ ហើយសង្ឃឹមថាក្នុងនាមជាក្រុមដែលយើងអាចធ្វើបានល្អ នោះវានឹងជាការរំលេចមិនត្រឹមតែអាជីពរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជាជីវិតរបស់ខ្ញុំ។ ៩ខែបន្ទាប់ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីប្រាកដថា វាជាកន្លែងរបស់ខ្ញុំនឹងចូលរួមក្នុងការប្រកួត”។
Chilwell ដែលជួយឲ្យក្រុមឈ្នះ Champions League ជាមួយ Chelsea ក្នុងឆ្នាំ២០២១ត្រូវបានជ្រើសរើសក្នុងក្រុមរបស់អ្នកចាត់ការលោក Gareth Southgate សម្រាប់ការប្រកួត Euro 2020 ដែលបានពន្យារពេល ប៉ុន្តែមិនបានលេងទេ។ បន្ទាប់មកគាត់ត្រូវបានគ្រូបង្វឹក Chelsea លោក Thomas Tuchel ឲ្យស្ថិតក្នុងកីឡាករបម្រុង ប៉ុន្តែបានទទួលកៅអីជម្រើសដំបូងមកវិញនិងស៊ុតបញ្ចូលទីនៅក្នុងការបង្ហាញខ្លួន៣ប្រកួតជាប់គ្នានៅ Premier League ។
អតីតកីឡាករ Leicester រូបនេះបានរងរបួសសរសៃពួរមុខរបស់គាត់ក្នុងការប្រកួត Champions League របស់ Chelsea ជាមួយក្រុម Juventus កាលពីខែវិច្ឆិកាឆ្នាំមុន ហើយសង្ឃឹមថា គាត់អាចត្រលប់មកវិញដោយគ្មានការវះកាត់។ នៅដំណាក់កាលនោះ Chelsea បានឈរនៅកំពូលតារាង Premier League ប៉ុន្តែគាត់បានរងរបួសម្តងទៀត នាំទៅដល់ការវះកាត់ដែលរារាំងគាត់រហូតដល់ការបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងទល់នឹង Watford នៅថ្ងៃចុងក្រោយ។
Chilwell ដែលនិយាយថា “គាត់ត្រូវបានលើកទឹកចិត្តដោយការជួយ Chelsea ឱ្យក្លាយជាក្រុម “ជាប់លាប់” ក្នុងការតាមប្រមាញ់Manchester City និង Liverpool នោះក៏បានបង្ហាញផងដែរថាការទាក់ទងជាមួយ Southgate បានជួយគាត់តាមរយៈការស្តារនីតិសម្បទា។ ខ្ញុំបាននិយាយជាមួយលោក Gareth ពីរបីដងហើយ គាត់ទាក់ទងច្រើនជាមួយបុគ្គលិកនៅ Chelsea ហើយបានផ្ញើសារមកខ្ញុំដោយនិយាយថា ខ្ញុំឮថាការសម្រាកព្យាបាលបានដំណើរការល្អ ហើយអ្នកកំពុងធ្វើការខ្លាំង សូមបន្តទៅមុខ ហើយសង្ឃឹមថានឹងបានជួបអ្នកឆាប់ៗនេះ”។
គួរបញ្ជាក់ថា Chilwell គឺជាផ្នែកមួយនៃក្រុម Chelsea ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការប្រកួតមុនរដូវកាលរបស់ក្លិប។ ក្រុម Chelsea កំពុងហ្វឹកហាត់នៅ UCLA ក្នុងទីក្រុង Los Angeles មុនពេលប្រកួតនៅ Las Vegas, Charlotte និង Orlando ជាកន្លែងដែលពួកគេនឹងជួប Arsenal នៅថ្ងៃទី២៣ ខែកក្កដា ៕ (រូបភាព ៖ BBC Sport)