ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសព លោក ស៊ិនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានឯកអគ្គរដ្ឋទូតជប៉ុន ក្នុងរាជធានីភ្នំពេញ។
សម្តេចវិបុលសេនាភក្តី និងគណៈប្រតិភូអមដំណើរ សូមបួងសួងសូមវិញ្ញាណក្ខ័ន្ធលោក ស៊ិនហ្សូ អាបេ អញ្ចើញទៅកាន់ទីស្ថានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
គួររម្លឹកថា កាលពីថ្ងៃទី៩ ខែកក្កដាថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ៕
ដោយ៖សហការី