ខេត្តបន្ទាយមានជ័យ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា បុគ្គលឈ្មោះ ហ៊ាង លីហាក់ អាយុ៥២ឆ្នាំ មុខរបរអ្នកកាសែត ស្នាក់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំនេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទីដែលរួចគេកំពុងសំងំលាក់ខ្លួន រត់គេចពីការតាមចាប់។
សូមបញ្ជាក់ថា, អ្នកកាសែតម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើស «កំហែងយក» ដែលបានប្រព្រឹត្តនៅចំណុចភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីអំឡុងឆ្នាំ២០២០។
ក្នុងដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក អែម សុសច្ចា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ឈ្មោះ ហ៊ាង លីហាក់ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «កំហែងយក» ប្រព្រឹត្តនៅចំណុចភូមិអូរពកសាមគ្គី ឃុំមានរឹទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ អំឡុងឆ្នាំ២០២០កន្លងមក បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និង៣៦៤ នៃក្រមព្រហ្មទណ្ឌ។
សូមរម្លឹកថា កាលពីឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ ហ៊ាង លីហាក់នេះម្ដងរួចមកហើយ ពាក់ព័ន្ធបទល្មើស ឆបោក ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តសៀមរាប។
សេចក្ដីរាយការណ៍ផ្សេងទៀត ក៏បានបញ្ជាក់ថា បុគ្គលអ្នកកាសែតរូបនេះ មានរឿងអាស្រូវជាច្រើន ហើយក៏ធ្លាប់គំរាមកំហែង និងជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ពិសេសអ្នកប្រកបរបរគ្រឿងចក្រជាច្រើននាក់ផងដែរ។ កន្លងទៅថ្មីៗនេះ បុគ្គល ហ៊ាង លីហាក់ បានជំរិតទារប្រាក់ពីប្រជាពលរដ្ឋម្នាក់ នៅស្រុកស្ទោង ប្រមាណជាង១៧លានរៀល ជាថ្នូរនឹងការមិនចុះផ្សាយ និងសន្យារត់ការយកគ្រឿងចក្រមកវិញជាដើម។
សូមបញ្ជាក់ផងដែរថា, បើយោងតាមឯកសារមួយ ដែលមន្ត្រីជំនាញរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំកន្លងទៅ គឺអ្នកកាសែតលោកនេះ បានប្រព្រឹត្តអំពើមិនគប្បីខុសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ក្នុងករណីឃុបឃិតគ្នាជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ បានជំរិតទាប្រាក់ពីប្រជាពលរដ្ឋ ដើរតួជាអ្នកកាសែតផង ដើរតួជាសមត្ថកិច្ចផង និងសហការជាមួយនឹងមន្ត្រីសមត្ថកិច្ចខូច កៀបសង្កត់កំហែងយក ជំរិតទារប្រាក់ និងបង្កើតបញ្ហាជាច្រើននៅក្នុងទឹកដីខេត្តកំពង់ធំ ។
បច្ចុប្បន្នអ្នកកាសែតរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមកឲ្យនគរបាលខេត្តកំពង់ធំ ដើម្បីនាំខ្លួនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ខណៈប្រព្រឹត្តនៅទឹកដីខេត្តកំពង់ធំ។
សមត្ថកិច្ចបានបញ្ជាក់ថា, ការចាប់ខ្លួនអ្នកកាសែតនេះ បានធ្វើឡើងនៅក្នុងផ្ទះសំណាក់ដែលគេកំពុងលាក់ខ្លួន ។ ក្រោយមក អ្នកកាសែតរូបនេះមិនដឹងជានៅអង្គភាពណាពិតប្រាកដទេ ក៏បានព្យាយាមពាក់អាវដែលមានឡូកូ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 5 ដែលគេដឹងថាបុគ្គលនេះមិនមែនជាបុគ្គលិករបស់ទូទស្សន៏៥នោះឡើយ ៕
ដោយ : សហការី