អភិបាលខេត្តកំពង់ចាមបញ្ជាឱ្យជំនាញចុះពិនិត្យរោងម៉ាសុីនកិនស្រូវ-ពោតបន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យជាបន្ទាន់នៅរោងម៉ាស៊ីនកិនស្រូវ-ពោតមួយកន្លែងស្ថិតក្នុងភូមិថ្មគោល សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលធ្វើអាជីវកម្មប៉ះពាល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ(បង្កសំឡេងនិងហុយកម្ទេចកម្ទីលើផ្ទះប្រជាពលរដ្ឋ) ។

ចំណាត់ការនេះបន្ទាប់ពីមានការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣៨ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នា២០២២ នៅសាលាខេត្តកំពង់ចាម។
បើតាមសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងថា មានរោងម៉ាស៊ីនមួយកន្លែង ធ្វើអាជីវកម្មកិនស្រូវ និងកិនគ្រាប់ពោត នៅម្ដុំផ្សារថ្មគោល ក្នុងភូមិថ្មគោល សង្កាត់បឹងកុក បានបង្កការរំខានជាសំឡេងនិងមានកម្ទេចកម្ទីកាកសំណល់ហុយ ប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ករណីនេះប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរជួយធ្វើអន្តរាគមន៍ដើម្បីឱ្យម្ចាស់អាជីវកម្មមានការកែសម្រួលលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាបញ្ចៀសការហុយកម្ទេចធូលី និងកាត់បន្ថយសំឡេងរំខានផងដែរ។

ឆ្លើយតបភ្លាមៗទាក់ទងនឹងករណីខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា លោកបានបញ្ជាឱ្យប្រធានអង្គភាពមន្ទីរបរិស្ថាន និងអភិបាលក្រុងកំពង់ចាមចុះទៅពិនិត្យ និងដោះស្រាយបញ្ហានោះជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ ជំនាញមន្ទីរបរិស្ថាន មន្ត្រីសាលាក្រុងនិងមន្រ្តីសង្កាត់បឹងកុកបានចុះធ្វើកិច្ចសន្យានៅផ្ទះឈ្មោះប៊ី ផល្លី ស្ថិតក្នុងភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ឱ្យកែបច្ចេកទេសម៉ាសុីននិងឧបករណ៍ដែលបង្កសំឡេងរំខានដល់អ្នកជិតខាងដោយទុករយៈពេលឱ្យចំនួនមួយខែ ៕

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print