ខេត្តពោធិ៍សាត់ : សូមប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាព មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា : មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ការតាមដានអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមកន្លងមក ឃើញថាព្រះរាជាណាចក្រកម្ពុជាបាន នឹងកំពុងទទួលឥទ្ធិពលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១៥ ដល់១៩ ខែ កក្កដា ឆ្នាំ២០២២ ឥទ្ធិពលពីជ្រលងសម្ពាធទាប ឥណ្ឌា និង ខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម ។ តាមស្ថានភាពអាកាសធាតុនេះភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ែ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀស ប្រជាពលរដ្ឋដែលងាយរងគ្រោះ។
អាស្រ័យដូចបានជម្រាប់ជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ : សិលា