ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញឲ្យ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណារក្សាឲ្យ បាននូវសន្តិសុខជូនប្រជាពលរដ្ឋ ព្រោះថា កិច្ចការងារ ការពារសន្តិសុខ សុវត្ថិភា ព ជូនប្រជាពលរដ្ឋ វាជាកិច្ចការងាររបស់អាជ្ញាធរនិងកងកម្លាំងចំណុះអោយគណៈប ញ្ជាការឯកភាពនេះឯងត្រូវអនុវត្តអោយបានល្អ ជូនពលរដ្ឋ ។
លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈ លោកចូលរួមក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព នៅរសៀលថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ផែនការអោយបានច្បាស់លាស់ក្នុងជួរ គណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេស ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទះនៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាតនៅក្នុងតំបន់ដែលយើងគិតថាស្មុកស្មាញ និងងាយរងគ្រោះ។
លោក ឃួង ស្រេង បញ្ជាក់ផងដែរថា៖ ក្នុងនាម អាជ្ញាធរនិងកងកម្លាំងត្រូវគិតថា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយហេតុថា ទាំងអ្នកមាន អ្នកក្រ ពួកគាត់សុទ្ធតែត្រូវការសន្តិសុខដូចគ្នា។
បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ត្រូវការពារ អោយបាននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេងក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំង២ភេទ ដែលបានបង្ក្រាបក្មេងទំនើងបានជាច្រើនករណីនាប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្មេងទំនើងទាំងនេះភាគច្រើនជាសិស្សសាលា ដូច្នេះលោកស្នើអោយអភិបាលខណ្ឌ និងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ត្រូវសហការគ្នា មើលសិស្សដែលគេចសាលារៀនអោយបានម៉ឺងម៉ាត់និងរកវិធីដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះអោយបាន។
ក្នុងកិច្ចប្រជុំនោះដែរ លោកឃួង ស្រេង ក៏បានស្នើអោយអាជ្ញាធរខណ្ឌទាំងអស់ ត្រូវជម្រុញប្រជាពលរដ្ឋអោយទៅទទួលវ៉ាក់សាំង ដុសជម្រុញអោយបានគ្រប់គ្នា ព្រោះថា ជម្ងឺកូវីដ-១៩ បានកំរើកឡើងវិញហើយ ដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរនិងកងកម្លាំងទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពនៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងមកនេះ ដែលបានធ្វើអោយដំណើរការនៃការបោះឆ្នោតនេះ ដំណើរការទៅដោយរលូន ជោគជ័យនិងគ្មានអំពើហិង្សា៕. សំរិត