គិតដល់ថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៦ ភ្លើងឆេះព្រៃនៅកាណាដាក្លាយជាគ្រោះមហន្តរាយ ដោយពេលនេះលើសពីការគ្រប់គ្រងបណ្តាលភ្លើងឆេះកើនឡើងទ្វេរដង។ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោកRalph Coodale បានឲ្យដឹងថាក្រោយរយៈពេល៧ថ្ងៃ ភ្លើងឆេះព្រៃបានរាលដាលយ៉ាងឆាប់រហ័ស មិនអាចគ្រប់គ្រងបានបើទោះបីក្រុមពន្លត់អគ្គិភ័យបានខិតខំទាំងថ្ងៃទាំងយប់ ដោយមានឧបករណ៍ពន្លត់អគ្គិភ័យរាប់រយ មានយន្តហោះជាដើម។
គ្រាន់តែនៅក្នុងថ្ងៃទី៨ ខែឧសភា ភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើរហូតដល់ទៅ២សែនហិតតា ស្ថិតនៅភាគខាងជើងខេត្តAlberta។ មន្ត្រីកាណាដា បានព្រមានថា តំបន់ផលិតប្រេងនៅទីនោះអាចរងការគម្រាមកំហែងពីភ្លើងឆេះព្រៃនេះ។
មន្ត្រីកាណាដាព្រួយបារម្ភថា សីតុណ្ហភាពនឹងកើនឡើងរហូតដល់ទៅ៣០អង្សាសេ ហើយមានខ្យល់ខ្លាំង អាចធ្វើឲ្យភ្លើងឆេះព្រៃកាន់តែខ្លាំងឡើងនឹងរាលដាលយ៉ាងឆាប់រហ័ស។ អភិបាលខេត្តAlberta លោកRachelNottleyបានអំពាវនាវបង្កើតការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក៏ដូចជាការពារតំបន់ឧស្សាហកម្មសំខាន់ៗ។
នៅក្នុងព្រឹត្តិការពាក់ព័ន្ធនោះដែរ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានស្នើរបញ្ជូនយន្តហោះពន្លត់អគ្គិភ័យទៅជាយ កាណាដា ប៉ុន្តែមិនទាន់មានចម្លើយ នៅឡើយទេ។ រុស្ស៊ីមានគម្រោងបញ្ជូនយន្តហោះ IL76 អាចដឹកសារធាតុគីមីបានរហូតដល់៤២តោនក្នុងការពន្លត់ភ្លើង។ ក្រៅពីនេះរុស្ស៊ីក៏នឹងបញ្ជូនបុគ្គលិករបស់ខ្លួនទៅជួយផងដែរ ប្រសិនបើភាគីកាណាដាយល់ព្រម៕
ដោយ មែវ សាធី