ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានបង្ក្រាបករណីជាក់ស្តែង មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុ ត្រង់ចំណុចក្នុងរោងចឹញ្ចឹមមាន់ ស្ថិតភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់។ ប្រតិបត្តិការបានធ្វើឡើងកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានឲ្យដឹងថាជនសង្ស័យឈ្មោះ សល ស្រីនាត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់ថង់(ធំល្មមចំនួន០១កញ្ចប់ថង់, តូចចំនួន១០កញ្ចប់ថង់) ,ជញ្ចឹងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួនមួយគ្រឿង,ប្រអប់ជ័រពណ៌ខ្មៅចំនួនមួយ, ថង់សម្រាប់ច្រក់ថ្នាំញៀនមួយចំនួន,ទុយោសម្រាប់ចូកថ្នាំញៀនចំនួនមួយ, សំភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕
ដោយ៖អារុណរះ