ភ្នំពេញ៖ នៅក្នុងរយៈពេល៦ខែនៅឆ្នាំ២០២២នេះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកមានការកើនឡើងគួរឲ្យកត់សម្គាល់។ បើតាមរបាយការណ៍របស់អគ្គ នាយកដ្ឋានគយនិងរដ្ឋាករបានបញ្ជាក់ថា ទំនិញនាំពីកម្ពុជាទៅអាមេរិកមានការកើនឡើងប្រមាណ៥៤ ភាគរយបើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំមុន។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងដល់ជិត ៥ប៊ីលានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ ខណៈទីផ្សារអាមេរិក នៅតែបន្តជាអ្នកទិញទំនិញធំជាងគេរបស់កម្ពុជា។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក ក្នុងឆមាសទី១ ឆ្នាំ ២០២២ មានតម្លៃសរុបជាង ៤,៨ ពាន់លានដុល្លាបើទោះបីជាស្ថិតក្នុងបរិបទរកើនឡើងជាង ៥១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដោយបញ្ជាក់ថា ការនាំទំនិញពីកម្ពុជាទៅអាមេរិកបានហក់ឡើងរហូតដល់ ៥៤ ភាគរយ។
ទិន្នន័យស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយនឹងប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ចាប់ពីខែមករា-ខែមិថុនា ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអាមេរិក មានតម្លៃសរុប ៤ ៨១៦ លានដុល្លារ កើនឡើង ៥១,៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
យោងតាមទិន្នន័យខាងលើ ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក មាន ៤ ៦៤៨ លានដុល្លារ កើន ៥៤ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំមុន និងការនាំទំនិញពីអាមេរិកមកកម្ពុជា មានមានចំនួន ១៦៨,២២ លានដុល្លារ កើន ៨,៧ ភាគរយ ។ តាមរយៈតួលេខនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានអតិរេក៤ ៤៨០ លានដុល្លារ។
ទីផ្សារអាមេរិក ឈរនៅលើគេក្នុងនាមជាប្រទេសទិញទំនិញពីកម្ពុជាច្រើន ដោយមានចំណែកប្រមាណ ៤០,៨ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ។
កាលពីឆ្នាំមុនពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃ ៧ ៨២៦ លានដុល្លារ កើនឡើង ៤០,៤ ភាគរយ ធៀបនឹងឆ្នាំ ២០២០ ។
អ្នកជំនាញ លើកឡើងថា ការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសេដ្ឋកិច្ចធំបំផុតពិភពលោក នេះ គឺដោយសារទំនិញកម្ពុជា មានគុណភាពខ្ពស់ និងផលិត ផ្គត់ផ្គង់តាមតម្រូវការទាន់ពេលវេលា ជាពិសេស ក្នុងវិបត្តិកូវីដ១៩ កម្ពុជាបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ និងឈានដល់បើកដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម ផ្គត់ផ្គង់ការនាំចេញ ខណៈប្រទេសផលិតមួយចំនួនមិនអាចដំណើរការសង្វាក់ផលិតកម្មបាន ដោយសារបន្ត រងផលប៉ះពាល់កូវីដ១៩៕
ដោយ៖ សូរិយា