តាមការប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិកបានប្រកាសថា នៅអាមេរិក មានករណីកើតជំងឺអុតស្វា ដល់ទៅជាង១ពាន់នាក់ ក្នុង៤១រដ្ឋទូទាំងអាមេរិក និងតំបន់ Puerto Rico ។
បច្ចុប្បន្នអាមេរិកមានករណីកើតជំងឺអុតស្វាចំនួន១០៥៣នាក់ ក្នុងនោះមាន៣រដ្ឋមានករណីកើតជំងឺអុតស្វាជាង១៥០ករណី គឺមានរដ្ឋ California, New York និង Illinois។ ភាគច្រើនអ្នកកើតជំងឺអុតស្វាគឺជាបុរស ពិសេសគឺមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែអ្នកជំនាញសុខាភិបាលបានបញ្ជាក់ថា អ្នកណាក៏អាចកើតជំងឺអុតស្វាបានដែរ។
ចំនួនករណីកើតជំងឺអុតស្វានៅអាមេរិក អាចនឹងមានច្រើនជាងនេះ ដោយសារតែមិនបានធ្វើតេស្តជាទ្រង់ទ្រាយធំ ។ នៅពេលនេះអាមេរិកកំពុងតែសហការជាមួយក្រុមពិសោធន៍ដើម្បីធ្វើតេស្តទៅលើពលរដ្ឋយ៉ាងតិច៧ម៉ឺននាក់ក្នុងមួយសប្តាហ៍។
នៅពេលនេះដែរ រដ្ឋាភិបាលអាមេរិកបានបញ្ជូនវ៉ាក់សាំងជាង ១៣២ពាន់ដូសទៅកាន់បណ្តារដ្ឋដែលមានករណីកើតជំងឺអុតស្វាច្រើន ក្នុងនោះមាន ញូវយ៉ក និង កាលីហ្វ័រនីញ៉ា៕ ដោយធីរីណា
រូបថត : WHO