ភ្នំពេញ៖ ការប្រគំតន្ត្រីលក់សំបុត្រនៅសាលចតុមុខដែលចូលរួមដោយសិល្បករខ្មែរ និងបរវកញ្ញាពិភពលោក (Miss Global 2015) ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងមន្ទីរពេទ្យកុមារអង្គរកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ បានទទួលជោគជ័យយ៉ាងខ្លាំង ។ ពិធីនេះ ក្រៅពីមានអ្នកទិញសំបុត្រចូលទស្សនាកកកុញ ជាមួយនឹងវត្តមានការចូលរួមដោយមន្ត្រីតំណាងមកពីក្រសួងនានា និងក្រោមវត្តមានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។
សិល្បករផ្នែករបាំ តារាចម្រៀង តារាសម្ដែង តារាបង្ហាញម៉ូត តារាកំប្លែងនិងបវកញ្ញាពិភពលោក បានរួមគ្នាបង្ហាញទស្សនីយភាពប្លែកសម្រាប់អ្នកទស្សនា។ បើកឆាកដំបូងគឺការសម្ដែងរបាំជូនពរ ដែលរាំដោយ Miss Global លេខ២ មកពីសហរដ្ឋអាមេរិកជាសញ្ជាតិខ្មែរ និងបន្តបន្ទាប់មកក៏មានការសម្ដែងរបាំ ការរាំគោះជើងរបស់ Miss Global ចំណាត់ថ្នាក់លេខ៣ មកពីប្រទេសអៀរឡង់ សិល្បករផ្នែករបាំប្រពៃណី របាំបុរាណមួយចំនួនត្រូវបានលើកយកមកបង្ហាញភ្ញៀវជាតិនិងអន្តរជាតិទស្សនាផងដែរពិសេសគឺការបកស្រាយចម្រៀងបណ្ដាក់គ្នារបស់លោក អ៊ុក ណារីម, អ្នកនាង ឆោម ឆពុំ, អ្នកនាង ម៉េង កែវពេជ្ជតា, លោក រ័ត្ន មករា, អ្នកនាង ហ៊ឹម ស៊ីវន, លោក ហួរ ឡាវី និងកញ្ញា មាស សុខសោភា ជាដើម។ ឈុតឆាកកំប្លែងរបស់ក្រុមនាយកុយនិងសកម្មភាពដើរម៉ូដរបស់ក្រុម Cambodia Super Model អមដោយសកម្មភាពដើរម៉ូដរបស់ Miss Global ទាំង៣នៅវគ្គចុងក្រោយកាន់តែធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ខ្ពស់ ។
តាមការបញ្ជាក់របស់លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ថា នេះគឺជាពិតជាមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះទទួលស្វាមគមវត្តមានអញ្ជើញមកដល់របស់បវកញ្ញាលំដាប់ពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានស្ម័គ្រចិត្តរួមជាមួយនឹងសិល្បករកម្ពុជាដើម្បីចូលរួមប្រគុំតន្ត្រីសប្បុរសធម៌ប្រយោជន៍យកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គផងដែរ។
លោកថា ថវិកាដែលទទួលបានពីសប្បុរសជន៧០ភាគរយនឹងត្រូវប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និង៣០ភាគរសនឹងត្រូវប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គខេត្តសៀមរាប ហើយលោកសន្យាថា នូវរាស់ថវិការដែលទទួលបានពីសប្បុរសជនទាំងអស់នឹងប្រើប្រាស់ប្រកដោយតម្លាភាពនិងភាពត្រឹមត្រូវ។
លោកស្រីឧបនាយករដ្ឋមន្ត្រីស្រីម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថាកម្មវិធីប្រគុំតន្រ្តីនេះបានបង្ហាញពីឧត្តមគតិ និងមនសិការជួយគ្នាទៅវិញទៅមក និងស្មារតីសាមគ្គីភាពរបស់យើងទាំងអស់គ្នាដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងសប្បរុសធម៌ជួយដល់សង្គមជាតិ និងអ្នកក្រីក្រ។ លោកស្រីឧបនាយករដ្ឋមន្ត្រីបន្តថា កម្មវិធីនេះក៏ត្រូវបានប្រារព្វឡើងចំពេលដែលប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន កំពុងយកចិត្តទុកដាក់ និងអំពាវនាវដល់សកម្មភាពមនុស្សធម៌ជួយដល់សង្គម។ កម្មវិធីនេះនឹងជួយជំរុញសកម្មភាពមនុស្សធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គដែលកំពុងជួបប្រទះការលំបាកខាងថវិកា និងជួយសម្រាលបន្ទុកដ៏ធ្ងន់របស់រាជរដ្ឋភិបាល។ លោកស្រីឧបនាយករដ្ឋមន្ត្រីលើកឡើងដែរថា ក្នុងពិធីខួបឆ្នាំទី១៥៣ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា កាកបាតក្រហមកម្ពុជាដែលដឹកនាំដោយសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន បានសម្រេចយកថវិកាចំនួន១លានដុល្លារបានមកពីការឧបត្ថម្ភរបស់សប្បុរសជននានាប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ហើយសម្រាប់កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌នេះសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតបានចួលរួមផ្តល់ថវិកាចំនួន១៥លានរៀលសម្រាប់សកម្មភាពមនុស្សធម៌ និង៥លានរៀលផ្សេងទៀតសម្រាប់ចាត់ចែងក្នុងកម្មវិធី៕
ដោយ៖ វឌ្ឍនា