ភ្នំពេញ៖ រាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគំតន្រ្តីសប្បុរសធម៌ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុមុខ ។
នាឱកាសនោះផងដែរលោកស្រីក៏បានមានប្រសាសន៍ថា៖ ការរៀបចំកម្មវិធីសម្ដែងសិល្បៈនាពេលនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សមាគមសិល្បៈករខ្មែរ ដោយបានការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងមានការចូលរួមយ៉ាងអធិកអធមពីគណៈប្រតិភូបវកញ្ញាគ្លូបលអន្តរជាតិ (Global International) ២០១៥ គឹស្របពេលដែលប្រទេសជាតិយើង មានសុខសន្ដិភាព ពេញបរិបូរណ៍ និងការអភិវិឌ្ឍន៍ សង្គមសេដ្ឋកិច្ចមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ការប្រគុំតន្រ្ដីសប្បុរសធម៌នេះ គឺជាការបង្ហាញពីឧត្តមគតិ មនសិកាជួយគ្នាទៅវិញទៅមក និងស្មារតីសាមគ្គីភាពរបស់យើងទាំងអស់គ្នា ដើម្បីរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ជួយដល់សង្គមជាតិ និងអ្នកក្រីក្រ។
លោកស្រីក៏បានថ្លែងអំណរគុណដល់លោក លោកស្រី ឧកញ៉ា អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួម និងបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចូលរួមក្នុងកម្មវិធីនេះ ហើយលោកស្រីក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ដែលបានចូលរួមផ្ទាល់នៅទីនេះក្តី និងនៅតាមគេហដ្ឋានក្តី សូមមេត្តាជួយរួមចំណែកជាវិភាគទានតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងត្រូវការជំនួយ៕
ដោយ៖ សុខ ខេមរា