ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ ចំណែក៥នាក់រងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់រថយន្តរេចង្កូតក្រឡាប់ចូលប្រឡាយដោយខ្លួនឯង កាលពីវេលាម៉ោង៦ និង០៥នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលខ្សែភ្លើង១០៨៥-១០៨៦ ស្ថិតក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះដោយគ្រោះថ្នាក់ខាងលើ មានៈ ១-ឈ្មោះ ឡុង សែន អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-1182 រងរបួសធ្ងន់, ២-ឈ្មោះ ឡុង សន្តាន់ ភេទប្រុស អាយុ៦៣ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ, ៣-ឈ្មោះ ហេង ហាន ភេទប្រុស រងរបួសស្រាល, ៤-ឈ្មោះ បិន ចាន់ដឿន ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់, ៥-ឈ្មោះ សល់ ស៊ីណេត ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ និង ៦-ឈ្មោះ ជា គិនឡាន់ ភេទប្រុស រងរបួសស្រាល ។ ជនរងគ្រោះទាំង៦នាក់នៅស្រុកបវេល ខេត្តបាត់ដំបង ។
នគរបាលបញ្ជាក់ថា តាមការសាកសួរ ជនរងគ្រោះបានប្រាប់ថា រថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្តបានផ្ទុះម៉ាស៊ីន រេចង្កូតធ្លាក់ពីលើផ្លូវជាតិក្រឡាប់ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តក្រោយពីការវាស់វែងរួចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរក្សារទុក្ខឧ្យម្ចាស់ ព្រោះមិនបង្កដល់អ្នកដ៏ទៃឬសម្បត្តិរដ្ឋ ៕
ដោយ៖ វណ្ណា