ខេត្តកណ្តាល៖ បុរសជាអ្នកលក់តែគុជបានរងគ្រោះដោយកាំបិតប៉័ងតោជាច្រើនកន្លែង និងដាច់ប្រអប់ដៃ បង្កដោយសារជនសង្ស័យទាញកាំបិតមកកាប់ដោយមិនដឹងខ្លួនពេលកំពុងលក់តែគុជ ហើយធ្វើឲ្យភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង៧ និង៥នាទីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខសាលាបឋមសិក្សាក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡៅ ចាន់ក្តឹប ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់តែគុជ។ ដោយឡែកជនសង្ស័យបង្កហេតុមានឈ្មោះដួង ចាន់រស្មី ភេទប្រុស អាយុ២៤ឆ្នាំទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចបានបន្តថា ក្រោយពីធ្វើសកម្មភាព សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមានៈ កាំបិតបុ័ងដងឈើ១ , ប្រអប់ក្រដាសសំរាប់ដាក់កាំបិត១។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយលក់តែគុជនៅកន្លែងកើតហេតុខាងលើ ពេលនោះស្រាប់តែជនសង្ស័យបានដើរម្នាក់ឯងជាមួយដៃកាន់កាំបិតបុ័ងតោបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះភ្លាមៗដោយមិនឲ្យដឹងខ្លួនយ៉ាងតិចចំនួន២កាំបិតបណ្តាលឲ្យត្រូវក្បាលផ្នែកចំហៀងខាងឆ្វេងនិងដាច់ប្រអប់ដៃខាងឆ្វេង។ បន្ទាប់ពីធ្វើសកម្មភាពជនបង្កបានព្យាយាមរត់គេចខ្លួន។ ប៉ុន្តែក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ និងដោយបានចម្លើយ ច្បាស់លាស់ពីជនរងគ្រោះកំលាំងជំនាញក្រុងសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកឬស្សីនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមៀនបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនល្មើសបាននៅវេលាម៉ោង៩ និង៤០នាទីថ្ងៃខែឆ្នាំដដែល តែប៉ុន្មានម៉ោងក្រោយមក និងបាននាំទៅយកវត្ថុតាង(កាំបិត) ដែលលាក់ទុកក្នុងគុម្ពចេកនៅបរិវេណមន្ទីរពេទ្យជ័យជំនះ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែនព្រោះខឹងនិងជនរងគ្រោះធ្លាប់បានវាយម្តាយរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។
សូមបញ្ជាក់ថាកាំបិតដែលជនល្មើសយកទៅកាប់ជនរងគ្រោះគឺជនសង្ស័យបានទិញពីផ្សារតាខ្មៅចាស់ក្នុងតំលៃ១៨០០០រៀលមុនពេលកើតហេតុ៣០នាទី ហើយជនល្មើសធ្លាប់ប្រើប្រាស់ថ្នាំញៀនតែឈប់ប្រើរយ:ពេល៣ឆ្នាំមកហើយ ៕
ដោយ៖ ស្អាងជ័យ