ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារខណៈប្រទះឃើញបុរសចំណាស់ម្នាក់ដេកស្លាប់នៅវាលស្រែខាងលិចផ្ទះចម្ងាយ ១៥០ម៉ែត្រសង្ស័យ គោរបូស ហើយបណ្ដាលអោយដួលឈ្លក់ទឹកស្រែ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល
ថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២២ស្ថិតនៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្ដៅស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះអ៊ុក សារួនអាយុ៥៦ឆ្នាំ មុខរបរកសិករជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។
ប្រភពបន្តថា សមត្ថកិច្ចប៉ុស្តិ៍ត្រពាំងស្ដៅ បានទទួលព័ត៌មានពីលោកមេភូមិត្រពាំងឈ្នាងថាមានឈ្មោះអ៊ុក សារួន បានស្លាប់នៅវាលស្រែខាងលិចផ្ទះចម្ងាយ ១៥០ម៉ែត្រ ។
ក្រោយពីទទួលបានពត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងស្ដៅបានចុះទៅដល់កន្លែងកើតហេតុដើម្បី ធ្វើការស្រាវជ្រាវនិងពិនិត្យដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិតចាន់ ធា ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែករមាសហែកដោយសន្និដ្ឋានថាសាកសពមានរបួសរង្វង់មូលលើថ្ពាល់ខាងស្ដាំទំហំ១សង់ទីម៉ែត្រអាចជាស្នែងគោ បូស ហើយដួលឈ្លក់ទឹកស្រែស្លាប់ ខណះមិនមានពាក់ព័ន្ធករណីផ្សេងពីនេះទេ ដោយបងប្អូនជិតខាងបានអោយដឹងថាមេគោរបស់គាត់ កាចណាស់បូសមិនរើសម្ចាស់ឡើយ។
បើតាមឈ្មោះយិន ស្រីនី ភេទស្រីអាយុ៤៣ឆ្នាំត្រូវជាប្អូនថ្លៃជនរងគ្រោះបានបំភ្លឺថា នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២វេលាម៉ោង ៨ព្រឹក ខ្លួនបានទៅច្រូតស្មៅនៅវាលស្រែខាងត្បូងផ្ទះដោយឈ្មោះអ៊ុក សារួន បានដឹកគោញី២ ក្បាល ចេញពីផ្ទះទៅវាលស្រែខាងលិច តែខ្លួនមិនបានចាប់អារម្មណ៍ទេ ពេលច្រូតស្មៅរួចក៏ត្រឡប់មកផ្ទះវិញតាមផ្លូវផ្សេងគ្នា។
លុះដល់ម៉ោង១៥ និង ៣០នាទីថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២២ស្រាប់តែឈ្មោះស្រី សារិនភេទស្រីរស់នៅភូមិឃុំជាមួយគ្នាបានទៅកាត់ស្មៅនៅក្នុងស្រូវខាងត្បូងភូមិចាស់ខាងលិចផ្ទះស្រាប់តែប្រទះឃើញស្លាប់នៅក្នុងទឹកស្រែក្បែរចំណង គោញីទាំង២ក្បាល ខណៈមានរបួសដាច់នៅថ្ពាល់ខាងស្ដាំផងដែរ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុថាន