ខ្សែប្រយុទ្ធ Cristiano Ronaldo បានច្រានចោលឱកាសចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីតដែលមិនបានបង្ហាញឈ្មោះនោះទេ។Ronaldo ដែលថ្មីៗនេះបានបង្ហាញពីចេតនាចង់ចាកចេញពី Manchester United នោះ ត្រូវបានគេផ្តល់ប្រាក់ឈ្នួល២៥០លានផោនក្នុងរយៈពេល២រដូវកាលខាងមុខ ដើម្បីផ្លាស់ទៅលេងនៅក្លិបមជ្ឈឹមបូព៌ា ហើយក្លិបក៏បានដាក់សំណើដេញថ្លៃ២៥លានផោនទៅ Man United ។
Ronaldo នឹងច្រានចោលឱកាសក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេលើពិភពលោក ដើម្បីព្យាយាម និងធានាបានការផ្លាស់ប្តូរទៅកន្លែងផ្សេង។ អ្នកចាត់ការទូទៅថ្មីរបស់ Man United លោក Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ថាRonaldo ស្ថិតនៅក្នុងផែនការរបស់គាត់ និងមិនមែនសម្រាប់លក់នោះទេ ដោយបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានចុងក្រោយរបស់គាត់ នៅពេលត្រូវបានសួរអំពីប្រធានក្រុមព័រទុយហ្គាល់រូបនេះ។
Ronaldo បានខកខានការប្រកួតមុនរដូវកាលក្នុងដំណើរទេសចរណរបស់ក្រុមបិសាចក្រហមនៅប្រទេសអូស្ត្រាលី ដោយសារបញ្ហាគ្រួសារ ប៉ុន្តែបានធ្វើការជាលក្ខណៈបុគ្គលដើម្បីត្រៀមរដូវកាលថ្មី និងបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមដោយស្លៀកខោខ្លីហ្វឹកហាត់របស់ក្លិប។
កីឡាករវ័យ៣៧ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថា ចង់លេងបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។គោល បំណង របស់ គាត់ គឺ ដើម្បី ប្រជែង យក ពាន រង្វាន់ ធំៗ ក្នុង លីក កំពូល ក្នុង អំឡុង ពេល នៃ អាជីព របស់ គាត់ ដែល ជា អ្វីដែល គាត់ មាន អារម្មណ៍ ថា គាត់ មិន អាច ធ្វើ បាន នៅ Man United។
ថ្វីត្បិតតែគាត់មានបំណងចង់ចាកចេញ ក៏ Ronaldo ប្រហែលជាត្រូវស្នាក់នៅក្នុងទីក្រុង Manchester ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅសល់មួយឆ្នាំទៀត។ ថ្មីៗនេះ Chelsea បានដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ខណៈដែលក្រុម Bayern Munich និង Atletico Madrid ត្រូវបានគេរាយការណ៍ថា នៅតែចាប់អារម្មណ៍ ប៉ុន្តែឱកាសនៃការផ្លាស់ប្តូរណាមួយហាក់ដូចជាមិនទំនងនៅពេលនេះទេ។
គួររំលឹកថា Ronaldo ស៊ុតបញ្ចូលទីបាន២៤គ្រាប់ក្នុង៣៨ប្រកួតកាលពីរដូវកាលមុន បន្ទាប់ពីការត្រលប់មក Manchester United វិញក្រោយពីចាកចេញពីក្លិបទៅ Real Madrid ក្នុងឆ្នាំ២០០៩។ ប៉ុន្តែ United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ក្នុង Premier League ដោយខកខានមិនបានចូលលេង Champions League ដែលត្រូវបានគេជឿថាជាកត្តាជំរុញឲ្យគាត់ចង់ផ្លាស់ប្តូរនៅពេលនេះ ៕ (រូបភាព ៖ dailymail.com)