សន្និបាតគណៈកម្មាធិការ កណ្តាលបក្សប្រជាជនសម្រេចបានលទ្ធផល បានចំនួន៧ចំណុច ទាក់ទងនឹងជ័យជម្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងទិសដៅមុខទៀតរបស់គណបក្ស

ចែករំលែក៖

ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាដែលប្រព្រឹត្តិទៅចំនួន ២ថ្ងៃនៅចុងសប្ដាហ៍នេះសម្រេចបាននូវលទ្ធផលធំៗចំនួន៧ ទាក់ទងនឹងជ័យជម្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងទិសដៅមុខទៀតរបស់គណបក្ស។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃអាទិត្យ ទី១៧ ខែកក្កដា គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងពីលទ្ធផលនៃសន្និបាតរយៈពេល២ថ្ងៃរបស់ខ្លួនថាក្នុងរយៈពេល២ថ្ងៃមកនេះសន្និបាតបានពិភាក្សាលើលទ្ធផលដែលសម្រេចបានដោយជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានឆ្លុះបញ្ចាំងពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់តាមពេលវេលាកំណត់ រក្សាបានភាពចម្រុះខាងនយោបាយនៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន។

ក្រៅពីមានមោទនភាពចំពោះលទ្ធផលឆ្នោតនេះគណបក្សក៏បានប្ដេជ្ញាជំរុញអនុវត្តនូវទិសដៅជាអទិភាពទាំងឡាយ ដោយយកចិត្តទុកដាក់ និងពង្រីកបន្តទៀតព្រមទាំងចំណុចខ្វះខាតនានាដែលត្រូវខិតខំដោះស្រាយ និងកែលម្អដើម្បីពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស។

គណបក្សបានលើកឡើងថា៖ «អង្គសន្និបាតគាំទ្រពេញទំហឹងការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់ អតិផរណា និងរក្សាអំណាចទិញរបស់ប្រាក់រៀលសំដៅរក្សាលំនឹងនៃជីវភាពប្រជាជន ក្នុងបរិការណ៍ត្រូវទទួលរងសម្ពាធពីការវិវត្តប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍អន្តរជាតិ ជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ-១៩, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ការកែសម្រួលប្រាក់សោធននិវត្តន៍មន្ត្រីរាជការ និងអតីតយុទ្ធជន, ការអនុវត្តប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ព្រមជាមួយនេះ សន្និបាតគាំទ្រ និងចូលរួមសកម្មដើម្បីសម្រេចនូវគម្រោង សម្តេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”»។

អង្គសន្និបាតបានបញ្ហាក់ជាឱឡារិកគាំទ្រសម្រេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំត្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។

អង្គសន្និបាតគាំត្រទាំងស្រុងនូវសំណើវិសោធនកម្មលើទី១០ នៃរដ្ឋធម្មនុញ្ញ និងសង្ឃឹមជឿជាក់ថា គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គមនឹងបន្តធ្វើសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសំដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។

គណបក្សក៏បានបន្ថែមថា៖ «យើងត្រូវទប់ស្កាត់រាល់សកម្មភាពប្រទុសសរ៉ាយទាំងឡាយ ទោះចេញពីប្រភពណាក្ដី ដែលចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ញុះញង់បង្កការបែកបាក់ក្នុងសង្គមជាតិ និងរារាំងដំណើរការអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ»។

អង្គសន្និបាតអំពាវនាវដល់ក្រុមការងារសមាជិក សមាជិកានៃគណបក្សទាំងមូលបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គីភាពឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាពទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាជនតាម តួនាទី និងភារកិច្ចរបស់ខ្លួន ដែលឆ្លើយតបទាំងស្រុងទៅនឹងសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន។ ក្រៅពីនេះក៏បាន អំពាវនាវដល់ជនរួមជាតិទាំងមូលទាំងក្នុង និងក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលដើម្បី ថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនឡើង។

គួរឱ្យដឹងផងដែរក្រោយទទួលជ័យជម្នះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាបានសម្រេចសម្រេចប្រជុំគណៈកម្មាធិការកណ្ដាលគណបក្សនៅថ្ងៃទី៩ និង១០ ខែកក្កដា តែគម្រោងនេះត្រូវលើពេលមួយសប្ដាហ៍ទៅថ្ងៃទី១៦ និង១៧ ខែកក្កដាវិញ។

សន្និបាតបក្សរយៈពេល២ថ្ងៃនេះមានសមាជិកសមាជិការគណបក្សទូទាំងប្រទេសចូលរួមចំនួន ៣៤៧៤រូប៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print