នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធមួយរបស់មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ប្រទេសលោកខាងលិចមិនមានឃ្លាំងអាវុធគ្រប់គ្រាន់សម្រាប់បន្តយុទ្ធនាការយោធាអូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ។
លោកស្រី Kathy Warden នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Northrop Grumman បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវការសំណើច្បាស់លាស់ពីរដ្ឋាភិបាលប្រទេសលោកខាងលិចនូវអាវុធប្រភេទណាដែលប្រទេសទាំងនោះត្រូវការ។ លោកស្រីបញ្ជាក់ទៀតថា «ចំណុចខាងលើពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដោយសារតែការថយចុះនៃអាវុធក្នុងឃ្លាំង» ។
លោកស្រីបន្តទៀតថា ឃ្លាំងអាវុធនាពេលបច្ចុប្បន្នមិនគ្រប់គ្រាន់ សម្រាប់សង្គ្រាមអូសបន្លាយនោះឡើយ បើទោះបីលោកខាងលិចនៅមិនទាន់អស់អាវុធពីឃ្លាំងក្តី។
ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកតូនី ប្ល៊ែរដែលបានបញ្ជាក់ថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន បានបង្ហាញថា «អនុត្តរភាព» របស់លោកខាងលិចកំពុងឈានទៅរកទីបញ្ចប់ ខណៈដែលចិនកំពុងងើបមុខ ឡើងជាកំពូលមហាអំណាចក្នុងភាពជាដៃគូជាមួយរុស្ស៉ី។
បើតាមលោក តូនី ប្ល៊ែរបានបញ្ជាក់ថា ពិភពលោកសព្វថ្ងៃកំពុងស្ថិតនៅក្នុងចំណុចរបត់ថ្មីមួយនៃប្រវត្តិសាស្ត្រ បើធៀបទៅនឹងចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ ឬក្រោយការដួលរលំនៃសហភាពសូវៀត ដោយបច្ចុប្បន្នច្បាស់ណាស់ លោកខាងលិចមិនមែនកំពុងរះឡើងនោះទេ។ ថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា «យើងកំពុងឈានទៅរកទីបញ្ចប់នៃអនុត្តរភាពសេដ្ឋកិច្ច និងនយោបាយ ខណៈដែលពិភពលោកកំពុងឆ្ពោះទៅរកពិភពមានប៉ូល២ ឬប៉ូលច្រើន ហើយការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយដ៏ធំនៅក្នុងសតវត្សនេះ នោះគឺចិន មិនមែនរុស្ស៉ីឡើយ»។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បាននិយាយថាលោកខាងលិចបានប្រកាសសង្រ្គាមសេដ្ឋកិច្ចដើម្បីធ្វើឱ្យរុស្ស៉ីឯកោ តាមរយៈការដាក់ទណ្ឌកម្ម ដែលនេះនឹងជំរុញឱ្យរុស្ស៉ីបោះដៃទៅរកមហាអំណាចដូចជា ចិន និងឥណ្ឌា៕ ដោយធីរីណា
រូបថត : AP