ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីហិង្សាដោយចេនាបណ្តាលឱ្យបុរសម្នាក់រងរបួសកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅបន្ទប់ជួលលេខL12 ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៣នាក់នោះទី១-ឈ្មោះសួន សុភក្ត្រ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះសួន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ទី៣-ឈ្មោះសួន គឹមសុង ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរលក់ដូរ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនរងគ្រោះឈ្មោះឡង ហុងលី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កន្លងមកជនរងគ្រោះនិងឈ្មោះសួន សុភក្ត្រ ធ្លាប់មានទំនាស់ទឹងគ្នាម្តងរួចមកហេីយដោយនៅមានចិត្តគុំកួននឹងគ្នា។ លុះមកដល់ថ្ងៃកេីតហេតុ ជនរងគ្រោះបាននិយាយឌឺដងដាក់ប្អូនរបស់ខ្លួន ពេលនោះជនសង្ស័យឮ ហើយដោយស្មានតែថាឱ្យរូបគេក៏មកសួរថា មានរឿងអីមែន? ភ្លាមនោះជនរងគ្រោះក៏ទាញដំបងទីបមកបម្រុងវាយជនសង្ស័យ។ បន្ទាប់មកជនសង្ស័យទាញកាំបិតចុងស្រួចហេីយក៏មានបងប្អូន២នាក់ទៀតមកជួយទេីបធ្វេីឱ្យបង្កហិង្សាដាក់គ្នាបណ្តាលឱ្យជនរងគ្រោះរបួសត្រចៀកម្ខាង ។
ក្រោយកេីតហេតុជនរងគ្រោះបានឃេីញខ្លួនជនសង្ស័យទាំង៣នាក់រួចក៏ប្តឹងនគរបាលតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ