ខេត្តស្វាយរៀង: បុរសកម្មករសំណង់ម្នាក់បានជិះម៉ូតូរេចង្កូតធ្លាក់ផ្លូវរួចបន្តទៅបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងវេលាទៀបភ្លឺ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺចូល
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិសាលាឆទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះចាន់ ផល្លា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១P-៩២០៦ រងការខូចខាតយ៉ាងដំណំ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១P-៩២០៦
លើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតធ្លាក់ផ្លូវរួចទៅបុកបង្គោលរបងផ្ទះអ្នកភូមិបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលតែម្ដង។
សាកសពក្រោយសមត្ថកិច្ចពិនិត្យរួចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈដែលសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕
ដោយ៖សុថាន