ភ្នំពេញ៖ កីឡាករ មុខរឹងចៅ ផលឌឿ មកពីក្លិបសំរោងកោងកីឡា ត្រូវអាជ្ញាកណ្តាលរាប់ដល់១០បន្ទាប់ពីរងនូវស្នៀតកណ្តាប់ដៃរបស់កីឡាករ លីន វាសនា មកពីក្លិប បុរីរាជសីហ៍មានប្ញទ្ធិក្នុងទឹកទី៤ ក្នុងជំនួបប្រកួតមិត្តភាព កាលពីល្ងាចថ្ងៃទី៧ខែឧសភាឆ្នាំ២០១៦ លើសង្វៀនប្រដាល់ទូរទស្សប៉ុស្តិ៍លេខ៥អារីណា។
សកម្មភាពប្រកួតរបស់កីឡាករទាំង២នាក់ខាងលើ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែកម្លាំងដៃនិងស្នៀតកែង របស់លីន វាសនា វាយចេញបានល្អ ធ្វើឲ្យ ផលឌឿពិបាកការពារ ដោយគ្រាន់ចាប់ផ្តើមទឹកទី១ លីន វាសនា វាយផលឌឿឲ្យមានស្នាមបែកក្តោងច្រមុះ១កន្លែងទៅហើយ។ ចាប់ពីទឹកទី២និងទឹកទី៣ទៅពួកគេ បានព្យាយាមវាយសន្ធាប់គ្នា ទៅវិញទៅមក ប៉ុន្តែនៅទឹកទី៤ កីឡាករ ចៅ ផលឌឿបានដួលសន្លប់ ក្រោមថ្វីដៃ កីឡាករ លីន វាសនា ដែលវាយចំផ្ទៃមុខជាច្រើនដៃ និងស្នៀតកែង។
ដោយឡែកជំនួបប្រកួតលក្ខណៈមិត្តភាព រវាងកីឡាករ ផាន់ សារុន មកពីក្លិបគជសារកីឡា នឹងកីឡាករ ធន់ ចាន់តាក់មកពី សមាគមកីឡាក្រសួងការពារជាតិបានធ្វើឲ្យទស្សនិកជនអស់សង្ឃឹម លើកីឡាករ ផាន់ សារុន ពីព្រោះសារុនគ្មានឱកាសវាយសងទៅលើ ធន់ ចាន់តាក់ ឡើយ ។ លើសពីនេះទៀត ចាន់តាក់បានបន្សល់ទុកស្នាមអនុស្សាវរីយ៍ឲ្យរៀមច្បង ផាន់សារុន តាមរយៈការប្រើស្នៀតកែងវាយឲ្យ បែកចិញ្ចើមខាងស្តាំក្នុងទឹកទី៤ ហើយចុងក្រោយចាន់តាក់បានយកឈ្នះសារុនដោយពិន្ទុ៕
ដោយ៖ សារីម