ភ្នំពរញៈ នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលាស្តីអំពី ស្ថានភាពភស្តុភារ និងបញ្ហាប្រឈមនៅកម្ពុជា ដែលរៀបចំឡើងដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) នៅកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងដើម្បីសិក្សាស្វែងយល់អំពី ឧបសគ្គនានាទាំងរូបិយ និងអរូបិយ ដែលកំពុងប្រឈម នៅក្នុងវិស័យភស្តុភារ និងដឹកជញ្ជូនកម្ពុជា។
កម្មវិធីសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់គណអធិបតីមួយចំនួន ដូចជា លោក Takahisa Tsugawa រដ្ឋមន្ត្រី ស្ថានទូតជប៉ុន លោក Itsu Adachi ប្រធានតំណាងការិយាល័យ JICA កម្ពុជា ព្រមទាំង តំណាងក្រសួងនានា ដៃគូអភិវឌ្ឍន៍ និងអ្នកចូលរួមជាច្រើនរូបទៀត មកពីវិស័យសាធារណៈ និងវិស័យឯកជន។
ថ្លែងនៅក្នុងសុន្ទរកថា លោកទេសរដ្ឋមន្ត្រីបាន លើកឡើងអំពីសារៈសំខាន់ នៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាកំណើនគួរឲ្យកត់សម្គាល់ ក្នុងការប្រើប្រាស់កំពង់ផែ និងច្រកដឹកជញ្ជូនឆ្លងកាត់ព្រំ ព្រមទាំងទស្សនវិស័យ រយៈពេលវែង ដើម្បីលើកកម្ពស់ភស្តុភារ និងការដឹកជញ្ជូននៅកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា “គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម” បានចង្អុលបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលល្អប្រសើរជាងមុន និងប្រព័ន្ធដឹកជញ្ជូនដែលមានប្រសិទ្ធភាពកាន់តែប្រសើរ ជាគន្លឹះដោះស្រាយបញ្ហាប្រឈមសំខាន់មួយក្នុង ចំនោមបញ្ហាប្រឈមនានា នៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលនឹងជំរុញឲ្យកម្ពុជាធ្វើដំណើរឆ្ពោះ ទៅរកភាពរីកចម្រើនកាន់តែប្រសើរ មួយកម្រិតថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនសិក្ខាកាមទាំងអស់ អំពីគម្រោងជាច្រើនដែលនឹងត្រូវអនុវត្តន៍ ដើម្បីពង្រឹងសម្ថភាពកំពង់ផែ ផ្លូវដែក ផ្លូវទឹក និងការតភ្ជាប់បណ្តាញផ្លូវគោកនានា ក្នុងគោលបំណងធានាឲ្យបាននូវ តម្លៃដឹកជញ្ជូន កាន់តែមានភាពប្រកួតប្រជែងថែមទៀត។ លោកក៏បានកត់សម្គាល់ផងដែរ អំពីគំនិតផ្តួចផ្តើមដែលជាដំណោះស្រាយគន្លឹះ និងសកម្មភាពបន្ទាន់មួយចំនួន ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើ ដូចជា ការកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូន ដូចដែលបានព្រមព្រៀងជាមួយ កំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ កំពង់ផែភ្នំពេញ ភ្នាក់ងារកម្ពុជា នាវាចរ កាំសាប និងសមាគមដឹកជញ្ជូន កម្ពុជាជាដើម ដែលទាំងនេះ គឺជាផ្នែកមួយនៃផែនការ១០០ថ្ងៃ។
លោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យវិស័យឯកជន ដៃគូ និងអ្នកពាក់ព័ន្ធទំាងអស់ ឲ្យចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចពិភាក្សា និងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយនិងរាជរដ្ឋាភិបាល ដើម្បីលើកឡើងពីបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹង វិស័យភស្តុភារ និងដឹកជញ្ជូនកម្ពុជា៕
ដោយ សីលា