កីឡាករ Vincent Kompany ប្រធាន ក្រុមជម្រើសជាតិបែលហ្ស៊ិកនិងជាកីឡាករ របស់ក្លិប Manchester City បានបញ្ជាក់ថាគាត់នឹងអវត្តមានពីក្រុមជម្រើសជាតិក្នុង កម្មវិធីពានរង្វាន់ទ្វីបអឺរ៉ុបឬហៅថា យូរ៉ូឆ្នាំ ២០១៦នៅប្រទេសបារាំងដោយសារតែគាត់រងរបួសក្រលៀន ។
ខ្សែការពារកណ្តាលវ័យ៣០ឆ្នាំនេះបាន រងរបួសពេលប្រកួតចាញ់ក្រុម Real Madrid ១-០ នៅក្របខ័ណ្ឌ Champions Leagueវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ក្នុងទឹកដី Santiago Bernabeu ។
ពេលនេះ Vincent Kompany នឹងត្រូវ អវត្តមានពីកម្មវិធីទ្វីបអឺរ៉ុបដែលជាក្តីសង្ឃឹមដ៏ធំរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក។ កីឡាកររូបនេះបានថ្លែងនៅក្នុងគណនេយ្យបណ្តាញសង្គម Facebookថា ” ខ្ញុំនឹងគ្មាន វត្តមាននៅយូរ៉ូនោះទេ វាពិតជាព័ត៌មាន អាក្រក់សម្រាប់ខ្ញុំ។ខ្ញុំមានអារម្មណ៍សោកស្តាយខ្លាំងណាស់។ រូបភាពបែបនេះអាចធ្វើឲ្យខ្ញុំបរាជ័យក្នុងអាជីព ប៉ុន្តែខ្ញុំនៅតែ តស៊ូរក្សាភាពស្ងៀមស្ងាត់ដើម្បីព្យាបាល របួសហើយអាចនឹងទទួលជោគជ័យនៅថ្ងៃក្រោយ។ ខ្ញុំជឿជាក់លើមិត្តរួមក្រុមរបស់ខ្ញុំថា ពួកគេនឹងអាចធ្វើបានល្អយើងពិតជាមានមោទនភាពណាស់ដែលបានទៅ លេងនៅប្រទេសបារាំងលើកនេះ។”
គួរបញ្ជាក់ថា Kompany បង្ហាញខ្លួន ឲ្យក្រុម Manchester City របស់អង់គ្លេសបានចំនួន២២ប្រកួតនៅក្នុងរដូវកាលនេះ ហើយមិនបានលេងជាមួយនឹងក្រុមជម្រើសជាតិចាប់តាំងពីខែតុលាឆ្នាំ២០១៥មកម៉្លេះ៕