ខេត្តកណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងគេហទំព័រសារព័ត៌មាន CK TV Online ដែលបានបង្ហោះវីដេអូភ្ជាប់ជាមួយខ្លឹមសារថា ៖ ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញក្នុងភូមិព្រែកល្វា ឃុំពែកតាកូវ ស្រុកខ្សាច់កណ្តាល (មុខខុនដូ) កំពុងបើកទទួលភ្ញៀវចូលលេងយ៉ាងរលូន។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖
នៅថ្ងៃ អង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោកអធិការ បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ ចុះដល់ទីតាំងជាក់ស្ដែងនៅចំណុចផ្ទះឈ្មោះ សុខ ចំណាប់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្វើការត្រួតពិនិត្យ និងសាកសួរបានឱ្យដឹងថា កន្លងមកទីតាំងរបស់ឈ្មោះ សុខ ចំណាប់ ធ្លាប់មានបើកមាន់ជល់តាមអនឡាញប្រាកដមែន តែបច្ចុប្បន្ននៅទីតាំងនេះពុំមានបើកមាន់ជល់តាមអនឡាញទៀតនោះឡើយ គឺមានតែលក់ឆ្នោតឡូតូការ៉េ ៨៨៨៨ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ជាចំណាត់ការ: សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ បានធ្វើកិច្ចសន្យាអប់រំណែនាំបន្ថែមដល់ម្ចាស់អាជីវកម្មឆ្នោតឡូតូខាងលើ មិនឱ្យមានការបើកលួចលាក់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជ្រកក្រោមស្លាកឆ្នោតឡូតូមានច្បាប់អនុញ្ញាតនោះឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕
ដោយ : សិលា